កូនប្រុសបង្កើតមន្រ្តីជាន់ខ្ពស់ ២រូបបន្តកាន់ដំណែងអភិបាលខេត្តសម្រាប់អាណត្តិទី២

សង្គម​និង​សេដ្ឋកិច្ច

កូនប្រុសបង្កើតសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ គឺលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងកូនប្រុសលោក ជាម យៀប អនុប្រធានទី១ រដ្ឋសភា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែងជាអភិបាលខេត្តសៀមរាប និងខេត្តត្បូងឃ្មុំ សម្រាប់អាណត្តិទី២បន្តក្នុងដែនសមត្ថកិច្ចដដែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក ទៀ សីហា

បើតាមព្រះរាជក្រឹត្យដែលឡាយព្រះហស្តលេខា ដោយអង្គព្រះមហាក្សត្រ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏មានតែងតាំងមុខដំណែងលោក ប៉ែន កុសល្យ ជាអភិបាលខេត្តឧត្តរមានជ័យ សម្រាប់អាណត្តិទី២ បន្តទៀតផងដែរ។

លោក ទៀ សីហា ធ្លាប់ជាអតីតអភិបាលរងខេត្តសៀមរាប ជា​នាយទាហានជាន់ខ្ពស់​នៅ​ក្រសួងការពារជាតិ​ ដែល​មាន​ឋានន្តរ​សក្តិឧត្តមសេនីយ៍ទោ ត្រូវ​បានតែងតាំង​ជា​អភិបាលខេត្ត​សៀមរាប​ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ជំនួស​លោក ឃឹម ប៊ុ​ន​សុង ដែល​ត្រូវ​បាន​​ដំឡើង​ឋានន្តរ​សក្តិថ្នាក់​នាយ​ឧត្តមសេនីយ៍​(​ផ្កាយ​៤) និងតែង​តាំង​​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​វិញ។

លោក ជាម ច័ន្ទសោភ័ណ

ចំណែកឯលោក ជាម ច័ន្ទសោភ័ណ លោក ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ ជំនួសលោក ប្រាជ្ញ ច័ន្ទ បច្ចុប្បន្នជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។ លោក ជាម ច័ន្ទសោភ័ណ្ឌ អតីតអភិបាលរងខេត្តត្បូងឃ្មុំ និងធ្លាប់ជាអភិបាលរងខេត្តបាត់ដំបង។

សូមជម្រាបថា សម្រាប់អភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ ឯណោះដែលមិនទាន់ដល់អាណត្តិផង ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្លាស់ប្ដូរមុខដំណែងមកកាន់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយដាក់លោក ខួយ រីដា អភិបាលរងខេត្តបាត់ដំបង មកកាន់អភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ ដែលទើបផ្លាស់ប្តូរពីខេត្តកំពត ជំនួសលោក ម៉ៅ ធនិន ត្រូវទៅកាន់ខេត្តកំពតវិញ។

ការផ្លាស់ប្ដូរលោក ជាវ តាយ មកកាន់ក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាពេលថ្មីៗនេះថា៖ លោក ជាវ តាយ មិនមានកំហុសអ្វីនោះ ប៉ុន្តែជាការស្នើសុំពីក្រុមគ្រួសារដើម្បីសម្រាកព្យាបាលជំងឺ ហើយក្រសួងមហាផ្ទៃសម្រេចស្នើសុំទៅសម្តេចនាយករដ្ឋមន្ត្រី ធ្វើការផ្លាស់ប្តូរឱ្យមកកាន់រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃវិញ៕