ក្រសួងឧស្សាហកម្ម៖ បច្ចុប្បន្នពលរដ្ឋកម្ពុជាប្រហែល ៣៤%​ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតតាមបំពង់​

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ទោះបីជាមានការកើនឡើងនូវចំនួនប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតយ៉ាងណាក្តី ក៏ការប្រឈមក្នុងវិស័យទឹកស្អាតកម្ពុជានៅតែមាន។ ទន្ទឹមគ្នានេះ បើគិតមកដល់បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា ប្រហែល ៣៤%​ ប៉ុណ្ណោះ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត​តាមបំពង់​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងបើកសន្និសីទ និង​ពិព័រណ៍ទឹកកម្ពុជាលើកទី៤ ឆ្នាំ​២០២២ ដែលធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩-៣០ វិច្ឆិកា ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការ នៃក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍ បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋប្រហែល ៣៤%​នៃប្រជាពលរដ្ឋទាំងអស់ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតតាមបំពង់​។ ដូចនេះហើយទើបជារាជរដា្ឋភិបាល បានលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជន និងតាមជនបទ ដោយផ្តល់ប្រកាសអនុញ្ញាតឱ្យផ្គត់ផ្កង់ទឹកស្អាត(អាជ្ញាបណ្ណ)​ សម្រាប់រយៈពេល ២០ឆ្នាំ ដល់ស្ថានីយផ្គត់ផ្គង់ទឹកស្អាតឯកជន ព្រមទាំងគោលការណ៍ និងច្បាប់នានាក្នុងការការពារ និងជួយគាំទ្រអ្នកវិនិយោគលើវិស័យទឹកស្អាត (សិទ្ធិ និងកាតព្វកិច្ចរបស់ប្រតិបត្តករផ្គត់ផ្គង់ទឹកស្អាត)របស់ពួកគាត់។

គួរបញ្ជាក់ថា តាមរយៈសន្និសីទ និង​ពិព័រណ៍ទឹកកម្ពុជាលើកទី៤ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រជាតិសម្រាប់ទឹកស្អាត​ ដោយជំរុញឱ្យប្រជាពលរដ្ឋ​នៅទីប្រជុំជន ១០០% ទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៥ និងត្រឹមឆ្នាំ២០៣០ សម្រេចនូវការទទួលបានសាកលកម្មនិងសមធម៌នូវទឹកបរិភោគសម្រាប់ប្រជាជនទាំងអស់។​

តាមរយៈផែនការយុទ្ធសាស្រ្តនេះ ក្រសួងឧស្សាហកម្ម ក៏បានកំណត់នូវលក្ខខណ្ឌ ៤យ៉ាងសម្រាប់ការផលិតនិងផ្គត់ផ្គង់ទឹកស្អាត​រួមមាន៖ ទឹកស្អាតត្រូវមានគុណភាព ទឹកស្អាតត្រូវមានសុវត្ថិភាព ទឹកស្អាតត្រូវមាននិរន្តរភាព ទឹកស្អាតត្រូវមានថ្លៃសមរម្យ៕