លោក ហង់ជួន ណារ៉ុន ឲ្យសាកលវិទ្យាល័យ RULE បើកថ្នាក់បណ្ឌិត ៧ជំនាញលើកដំបូង

សង្គម​និង​សេដ្ឋកិច្ច

លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យបេីកបណ្តុះបណ្តាលថ្នាក់បណ្ឌិត​ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ​ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លើជំនាញចំនួន ៧ គឺនីតិសាស្រ្ត ធុរកិច្ច រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច វិទ្យាសាស្រ្តនយោបាយ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា ចុះហត្ថលេខានៅថ្ងៃទី២២​ ខែវិច្ឆិកា​ ឆ្នាំ២០២២ ដោយលោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ជំនាញថ្នាក់បណ្ឌិតទាំង ៧ជំនាញនេះ ត្រូវសិក្សារយៈពេលយ៉ាងតិច ៣ឆ្នាំ សមមូលនឹង ៤៥ក្រេឌីតយ៉ាងតិច។

ក្រសួងអប់រំបានបញ្ជាក់បន្ថែមថា និស្សិតដែលរៀនចប់កម្មវិធីសិក្សា ហើយបានទទួលជោគជ័យក្នុងការការពារនិក្ខេបបទបញ្ចប់ការសិក្សាត្រូវទទួលសញ្ញាបត្របណ្ឌិតតាមមុខជំនាញដែលបានសិក្សាជ្រាវជ្រាវ ហើយត្រូវផ្តល់ដោយសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិសាស្រ្តសេដ្ឋកិច្ច ដែលទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា។

គួររម្លឹកថា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច RULES ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៤៨ ដោយមានឈ្មោះថាវិទ្យាស្ថានជាតិនីតិសាស្ត្រ នយោបាយ និង សេដ្ឋកិច្ច ហើយត្រូវបានប្តូរឈ្មោះដូចបច្ចុប្បន្ននៅឆ្នាំ២០០៣។

បច្ចុប្បន្នសាកលវិទ្យាល័យ RUES បើកបណ្តុះបណ្តាលត្រឹមថ្នាក់អនុបណ្ឌិតប៉ុណ្ណោះលើ ១១ជំនាញ ដែលសហការជាមួយសាកលវិទ្យាល័យបរទេសល្បីៗ ដូចជា សាកលវិទ្យាល័យ បារីស, សាកលវិទ្យាល័យ លីយ៉ុង សាកលវិទ្យាល័យ ប្រ៉ុយសែល ប្រទេសបែលស្សីក, ស្វីស និងកាណាដា៕