សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា-បារាំង ជាដៃគូស្និទ្ធស្នាល ស្មោះត្រង់ និងទុកចិត្តគ្នា

សង្គម​និង​សេដ្ឋកិច្ច

ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងបារីស ប្រទេសបារាំង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមសន្និសីទស្តីពីការគាំទ្រ ភាពធន់នៃប្រជាជនអ៊ុយក្រែន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សន្និសីទនេះ មានការចូលរួមពីលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនទៀត។ ដែលក្នុងសន្និសីទនេះ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានចូលរួមតាមប្រព័ន្ធវីដេអូ។

លើបណ្ដាញសង្គមតេឡេក្រាមផ្លូវការនាព្រឹកថ្ងៃពុធទី១៤ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញរូបភាពជាមួយប្រធានាធិបតីបារាំងយ៉ាងស្និតស្នាលដោយបានកាន់ដៃធ្វើដំណើររួមគ្នា និងអោបស្មាលាគ្នា អមជាមួយប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា៖ “ដៃគូរសន្ទនាដ៏ស្និទ្ធស្នាល ស្មោះត្រង់និងជឿទុកចិត្គគ្នាដើម្បីពង្រឹងពង្រីកមិត្តភាពរវាងកម្ពុជានិងបារាំង។ សូមអរគុណអេនុយអែលដែលបានផ្តល់នូវការស្រឡាញ់រាប់អាន”។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានចាត់ទុក​ថា ប្រទេសបារាំង មិនត្រឹមជាប្រទេសដែលបានចូលរួមយ៉ាងសកម្មក្នុងការនាំមកនូវសុខសន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ជាប្រទេសដែលតែងតែជួយគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុដល់ការអភិវឌ្ឍកម្ពុជាផងដែរ។

ទំនាក់ទំនង​ការទូត​កម្ពុជា​និង​បារាំង ត្រូវបានមើលឃើញថា ​កំពុង​បន្ត​ដើរ​លើ​មាគ៌ា​បែប​ប្រពៃណី ដោយ​ភាគច្រើន​ផ្តោត​លើ​វិស័យ​វប្បធម៌​ និង​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​។

តាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​បារាំង​ក្នុង​រយៈពេល​ ៤​ ខែ ឆ្នាំ​ ២០២២ មាន​ចំនួន​ ១៧៦,៧២ ​លាន​ដុល្លារ កើន ៤២,២​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ​។ ក្នុងនោះ​ការនាំ​ចេញទៅ​បារាំង​មាន ១៣៣,៤៩២ ​លាន​ដុល្លារ កើន ៣៧,៤ ​ភាគរយ និង​កម្ពុជា​នាំចូល​ពី​បារាំង មាន ៤៣,២២៨​ លាន​ដុល្លារ កើន ៥៩,៣ ​ភាគរយ​៕