ត្រឹមខែវិច្ឆិកាឆ្នាំ២០២២នេះ ABA មានទ្រព្យសកម្មសរុប ៨.៨ពាន់លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំឈានមុខគេមួយ ដែលគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ ២០២១ របស់ធនាគារជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមវេបសាយផ្លូវការរបស់ខ្លួននៅដើមខែធ្នូនេះ ធនាគារ ABA មានទ្រព្យសកម្មសរុប ៨.៨ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ខណៈបច្ចុប្បន្នគ្រប់គ្រងជាង ២.៥ លានគណនី តាមរយៈបណ្ដាញសាខាចំនួន ៨៥សាខា ម៉ាស៊ីនស្វ័យធនាគារជាង ១ពាន់គ្រឿង និងកម្មវិធីធនាគារអនឡាញសម្រាប់អាជីវកម្ម និងធនាគារតាមទូរស័ព្ទដ៏ទំនើប។

ថ្មីៗនេះ ធនាគារ ABA ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាព “ធនាគារឆ្នើមបំផុតប្រចាំឆ្នាំ 2022 របស់ប្រទេសកម្ពុជា” ពីទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker ដែលជាគ្រឹះស្ថានបោះពុម្ពផ្សាយធនាគារ និងហិរញ្ញវត្ថុរបស់ Financial Times Group នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ជាលើកទី ៥។

ពានរង្វាន់របស់ទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker គឺជាស្ដង់ដាគំរូនៅក្នុងវិស័យធនាគារ ពីគ្រឹះស្ថានបោះពុម្ភអន្ដរជាតិលំដាប់ពិភពលោក ដែលមាន វ័យចំណាស់ជាងគេ ហើយ ABA បានទទួលពានរង្វាន់កំពូលរួចមកហើយ កាលពីឆ្នាំ ២០១៤, ២០១៦, ២០១៩ និងឆ្នាំ ២០២១។

សូមបញ្ជាក់ថា The Banker គឺជាធនធានធនាគារ និងហិរញ្ញវត្ថុពិភពលោករបស់ក្រុមហ៊ុន Financial Times Group។ ចាប់ផ្តើមបោះពុម្ពផ្សាយនៅក្នុងឆ្នាំ ១៩២៩ ទស្សនាវដ្តីបានក្លាយជាប្រភពព័ត៌មានអំពីវិស័យធនាគារដ៏មានទំនុកចិត្ត និងអានដោយនាយកប្រតិបត្តិ នាយកហិរញ្ញវត្ថុ ហេរញ្ញិករបស់សាជីវកម្ម ទេសភិបាលធនាគារកណ្តាល និងនិយតករហិរញ្ញវត្ថុនៅជាង ១៨០ប្រទេស ទូទាំងពិភពលោក។

The Banker គឺជាប្រភពដ៏សំខាន់ក្នុងការផ្តល់ទិន្នន័យ និងការវិភាគសម្រាប់វិស័យធនាគារ។ ចំណាត់ថ្នាក់ធនាគារពិភពលោក កំពូលៗ ចំនួន១,០០០ របស់ The Banker ត្រូវបានប្រើប្រាស់ជាស្ដង់ដាតាំងពីឆ្នាំ ១៩៧០ ដោយផ្ដល់ការព័ត៌មានទាក់ទងនឹងទ្រព្យ សម្បត្តិ និងស្ថានភាពនៃ វិស័យធនាគារគ្រប់ជ្រុងជ្រោយ៕