លោក ឌិត ទីណា៖ ការងារលាងសម្អាតប្រាក់ក្នុងវិស័យព្រៃឈើ ជារឿងសំខាន់ដែលមន្រ្តីត្រូវពង្រឹងច្បាប់ រកឫសគល់ ដល់ប្រភពដើម

សង្គម​និង​សេដ្ឋកិច្ច

លើកឡើងនៅក្នុងកិច្ចប្រជុំជារដ្ឋបាលព្រៃឈើ កាលពីថ្ងៃទី១៣ ខែខែធ្នូ ឆ្នាំ២០២២ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការងារប្រឆាំងនឹងការលាងសម្អាតប្រាក់ក្នុងវិស័យព្រៃឈើ និងជលផលជាការងារសំខាន់ដែលមន្រីត្រូវពង្រឹងច្បាប់យកចិត្តទុកដាក់ស្រាវជ្រាវរកឫសគល់ដល់ប្រភពដើម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សង្កត់ធ្ងន់ថា បទល្មើសលាងសម្អាតប្រាក់ជាឧបសគ្គដល់ការអភិវឌ្ឍរបស់កម្ពុជា ។ ចំណែក ការងារប្រយុទ្ធ ប្រឆាំងនឹងការលាងសម្អាតប្រាក់នេះទៀតសោតត្រូវធ្វើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោយតម្កល់ផល ប្រយោជន៍ជាតិជាធំ។

នៅក្នុងជំនួបប្រជុំដដែលនេះ លោករដ្ឋមន្រ្តី ក្រសួងកសិកម្មថ្មីក៏បានណែនាំឱ្យរដ្ឋបាលព្រៃឈើពង្រឹង ការអនុវត្ត ច្បាប់តាមមធ្យោបាយនានាប្រកបដោយយុទ្ធសាស្ត្រ ដោយពិនិត្យដោះស្រាយបញ្ហា តម្រូវការឈើប្រើប្រាស់ ជាក់ ស្តែងធៀបនឹងតម្រូវការអភិរក្ស ក្រោមគោលការណ៍អភិវឌ្ឍព្រៃឈើ ដើម្បីបម្រើផលប្រយោជន៍ប្រជាជនរកចំណូលជូនជាតិប្រកបដោយនិរន្ដរភាព និងផ្ដល់ជាជម្រកដ៏កក់ក្ដៅដល់សត្វព្រៃ និង ប្រព័ន្ធជីវ:ចម្រុះទាំងអស់ដែលរស់នៅក្នុងព្រៃផងដែរ ។

សូមជម្រាបជូនថា កាលពីឆ្នាំ២០២០ សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ឬការលាងលុយកខ្វក់ ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីកម្ពុជា។ ការអនុម័តសេចក្តីព្រាងច្បាប់នៅពេលនោះ គឺស្របពេលដែលគណៈកម្មការអឺរ៉ុប បានស្នើដាក់ប្រទេសកម្ពុជា និងប្រទេសចំនួន១១ទៀតទៅក្នុង«បញ្ជីខ្មៅ»ដែលសហភាពអឺរ៉ុបបង្កើនការតាមដានខ្លាំងជាងមុន បន្ទាប់ពីកម្ពុជាស្ថិតក្នុងបញ្ជីពណ៌«ប្រផេះ»នៃការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មនៅឆ្នាំ២០១៩។ វិស័យដែលរងហានិភ័យខ្ពស់ខាងអំពើលាងលុយកខ្វក់នៅកម្ពុជា រួមមាន វិស័យធនាគារ ហិរញ្ញវត្ថុ វិស័យសំណង់ អចលនទ្រព្យ និងវិស័យកាស៊ីណូ។

មាត្រា១ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម ដែលប្រកាសឱ្យប្រើអំឡុងខែ មិថុនា ឆ្នាំ២០២០ បានចែងថា៖ «ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់និងហិញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការទប់ស្កាត់ បង្ក្រាបនិងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»។

គួរបញ្ជាក់ផងដែរថា កម្ពុជាបានទទួលចំណូលពីការអភិរក្សរបស់ខ្លួន និងបាននិងកំពុងលុបបំបាត់ទស្សនៈថា ទាល់តែកាប់ព្រៃឈើ ទើបបានប្រាក់ចំណូលមកជាប្រទេសដែលទទួលបានប្រាក់ចំណូលពីការពារ និងអភិរក្សព្រៃ ឈើរបស់ខ្លួនក្រោម ទិសស្លោក “រក្សាឈើឈរដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ”។ កាលដែលកម្ពុជា ទទួលបានជោគជ័យលើការលក់ឥណទានកាបូននេះ បានលើកតម្កើងនូវកិត្យានុភាពជាតិកម្ពុជា លើឆាក អន្តរជាតិដែលមិនមានប្រទេសច្រើនទេក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ជាមួយយុទ្ធនាការបង្ខូច កេរ្តិ៍ឈ្មោះកម្ពុជាក្នុងរូបភាពថា កម្ពុជាមានបទល្មើស ព្រៃឈើច្រើនជាងគេលើពិភពលោក៕