រដ្ឋមន្ត្រីក្រសួងធម្មការ ចុះពិនិត្យទីតាំងត្រៀមពិធីសំណេះសំណាលជាមួយអាចារ្យ ១០០០នាក់ ទូទាំងប្រទេស

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២នេះ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ​​បាន​​អញ្ជើញ​ទៅ​ពិនិត្យ​​សាល​សន្និបាត ​​នៃ​ទីស្តីការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បី​ត្រៀម​ប្រារព្វ​ពិធី​សំណេះ​សំណាល​ជាមួយ​អាចារ្យ ​អាចារិនី ទូទាំង​ប្រទេស លើកទី​៧ ចំនួន ១០០០​នាក់ ​នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ២០២២ ស្អែកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

កម្មវិធី​ជួប​ជុំ​ជាមួយ​អាចារ្យ ​អាចារិនី ទូទាំង​ប្រទេស​ដ៏​ធំ​នេះ ក្រសួង​ធម្មការ និង​សាសនា បាន​សម្រេច​ស្នើ​សុំ​សាល​សន្និបាត​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ​​ដើម្បី​រៀបចំ​ពិធី ​​ហើយ​​ក្នុង​​ការ​អញ្ជើញ​ទៅ​ពិនិត្យ​​សាល​សន្និបាត​​​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ និង​សាសនា​ ព្រឹក​មិញ​នេះ មាន​ការ​ទទួល​ស្វាគមន៍​ និង​​ធ្វើ​បទ​បង្ហាញ​ជូន​ដោយ​លោក ទេព ធន រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី និង​លោក សេង ឡូត អគ្គនាយក​នៃ​អគ្គនាយកដ្ឋានរដ្ឋបាល ​នៃ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ។

គួរបញ្ជាក់ផងដែរថា ពិធី​សំណេះ​សំណាល​ជាមួយ​អាចារ្យ ​អាចារិនី ទូទាំង​ប្រទេស លើកទី​៧ នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ពិនិត្យមើលលទ្ធផលនៃការអនុវត្ត​ការងារ​​របស់​អាចារ្យ អាចារិនី កាលពីឆ្នាំកន្លងទៅ ដោយនឹង​មានកិច្ច​ពិភាក្សា និងផ្លាស់ប្តូរយោបល់លើការងារព្រះពុទ្ធសាសនានាពេលបច្ចុប្បន្ន និង​ដើម្បី​ធ្វើឱ្យវិស័យព្រះពុទ្ធសាសនា​មានការ​រីកចំរើនថ្មីៗ​បន្ថែមទៀត ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិសម្រាប់ជាផលប្រយោជន៍​រួមប្រកប​ដោយសុខដុមរមនា ដែលជាឫសគល់ក្នុងការថែរក្សា និងការពារវប្បធម៌សន្តិភាព ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន​ដាក់​ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់​ជាត្រី​វិស័យ​ក្នុងការដឹកនាំ និងការអនុវត្តគោលនយោបាយវិស័យសាសនា ដោយទទួលបាននូវលទ្ធផល​ជាផ្លែផ្កា​គួរ​ជាទី​មោទនៈ៕