ព្រលានយន្តហោះសៀមរាបថ្មី តម្លៃជិត៩០០លានដុល្លារ គ្រោងសាងសង់ឱ្យបាន៩០%ត្រឹមខែមីនានេះ

សង្គម​និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី តម្លៃជិត៩០០លានដុល្លារអាម៉េរិក សាងសង់សម្រេចបាន ៦៣ ភាគរយហើយ ខណៈភាគីពាក់ព័ន្ធកំពុងជំរុញពន្លឿនការសាងសង់គម្រោងឱ្យបាន៩០ ភាគរយ នៅត្រឹមខែមីនាឆ្នាំនេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ នៃគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប – អង្គរ និងការចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប – អង្គរ កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ វឌ្ឍនភាពការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប – អង្គរ សម្រេចបាន ៦៣%នៃទំហំការងារសរុប និងគ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយគ្នានេះតាមរយៈកិច្ចប្រជុំនេះដែរ គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប – អង្គរ ក៏បានណែនាំ និងជំរុញដល់ក្រុមហ៊ុនសាងសង់ ត្រូវខិតខំព្យាយាម និងពន្លឿនការសាងសង់ ឱ្យបានរួចរាល់តាមផែនការផងដែរ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចាប់ផ្តើមដំណើរការសាងសង់កាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន៣៦ខែ ឬ៣ឆ្នាំ និងគ្រោងចំណាយទុនវិនិយោគប្រមាណ៨៨០លានដុល្លារអាម៉េរិក។

អាកាសយានដ្ឋាននេះ កំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ។

នៅពេលដាក់ឱ្យដំណើរការ ដែលគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋាននេះ អាចមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់២០លាននាក់នៅក្នុងមួយឆ្នាំ។

គម្រោងដ៏ធំមួយនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលនឹងចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានៅពេលអនាគត ជាពិសេសនឹងផ្តល់អត្ថប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ជុំវិញផងដែរ៕ អត្ថបទ៖ រង្សី