រដ្ឋសភាកម្ពុជា បានបញ្ជាក់ប្រាប់ទៅកាន់អង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UN Women) សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក អំពីជម្លោះនៃការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពកម្ពុជា ដោយបានបង្ខំឱ្យពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់នៅតាមព្រំដែន ខណៈរដ្ឋសភា ក៏បានសង្កត់ធ្ងន់ថា កម្ពុជាតែងតែប្រាថ្នាចង់រួមរស់នៅដោយសន្តិវិធីជាមួយប្រទេសជិតខាងផងដែរ។

នេះបើយោងតាមប្រសាសន៍របស់លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី គ្រីស្ទីន អារ៉ាប់ (Christine Arab) ប្រធានប្រចាំតំបន់ របស់អង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UN Women) សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងឱកាសចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ក្នុងទីក្រុងប៉េកាំ ប្រទេសចិន កាលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកស្រីប្រធានរដ្ឋសភាកម្ពុជា បានជម្រាបជូនលោកស្រី គ្រីស្ទីន អារ៉ាប់ អំពីជម្លោះនៃការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពកម្ពុជា ដោយបានបង្ខំឱ្យពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់នៅតាមបណ្តោយព្រំដែន រួមទាំងស្ត្រី និងក្មេងស្រី ជាពិសេស ស្ត្រីមានផ្ទៃពោះ ត្រូវបានភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ដោយបោះបង់ចោលផ្ទះសម្បែង សាលារៀន និងកន្លែងប្រកបអាជីវកម្មរបស់ខ្លួន។
លោកស្រី បានគូសបញ្ជាក់ទៀតថា កម្ពុជាតែងតែប្រាថ្នាចង់រួមរស់នៅដោយសន្តិវិធីជាមួយប្រទេសជិតខាង ជាមិត្តល្អហើយនៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រែក្លាយព្រំដែនទៅជាព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដោះស្រាយបញ្ហាដោយសន្តិវិធី គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាតិ ប្រកាន់ភាពអត់ធ្មត់ ដើម្បីសុខសន្តិភាពសម្រាប់ពលរដ្ឋទាំងសងខាង។

ក្នុងឱកាសនោះ លោកស្រី គ្រីស្ទីន អារ៉ាប់ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៏មោះមុត និងលទ្ធផលសម្រេចបានជាក់ស្តែង របស់កម្ពុជានៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងរបៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ (Women, Peace and Security)។ លោកស្រីបានគូសបញ្ជាក់ពីអ្វីដែលកម្ពុជាអនុវត្តនិងសម្រេចជាលទ្ធផលមកនេះ បានក្លាយជាគំរូមួយសម្រាប់ពិភពលោកផងដែរ៕អត្ថបទ៖ហ្សាលីន



