កម្ពុជា-ថៃ ដាក់ចេញផែនការដើម្បីសម្រេចទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបាន១៥ពាន់លានដុល្លាអាមេរិក នៅឆ្នាំ២០២៥

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា និងថៃ បានដាក់ចេញនូវផែនការ ដើម្បីសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ប្រមាណ១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ដែលការអនុវត្តជាក់ស្តែងមានកំណើនជាវិជ្ជមាន។ ការបង្ហាញពីការដាក់ចេញផែនការរបស់ភាគីទាំងពីរ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមរវាងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក ឈើតគៀត អាតថាករ(Cherdkiat ATTHKOR)ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា នៅវិមានរដ្ឋសភា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានមានប្រសាសន៍ថា បេសកម្មការទូតរវាងប្រទេសទាំងពីរ បច្ចុប្បន្នទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ មានការរីកចម្រើនយ៉ាងខ្លាំង គួរអោយកត់សម្គាល់ ទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍រួមទំាងវិស័យផ្សេងៗទៀតជាច្រើន។
លើសពីនោះ រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានដាក់ចេញនូវផែនការដើម្បីសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ចំនួន១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ហើយការអនុវត្តជាក់ស្តែងមានកំណើនវិជ្ជមានផងដែរ។

សម្តេចពញាចក្រី បានលើកឡើងថា សម្រាប់រដ្ឋសភា នៃប្រទេសទាំងពីរ កម្ពុជា-ថៃ បានបន្តអនុវត្តជាមួយគ្នាយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍គាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការទាំងនៅលើវេទិកាអន្តរសភាក្នុងតំបន់ និងសកលលោក។ ដោយសម្តេចក៏បានគូសបញ្ជាក់ថា ការគាំទ្រគ្នាទៅវិញទៅមក លើវិស័យការទូតសភារបស់រដ្ឋសភាយើងទាំងពីរបាននាំមកនូវប្រសិទ្ធភាពយ៉ាងធំធេង ដល់ការរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្រតិបត្តិប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកអគ្គរាជទូតថៃ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា។លើសពីនោះ លោកក៏បានសន្យាថា នឹងខិតខំបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ និងរវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ បន្ថែមទៀត។

គួរបញ្ជាក់ថា ប្រទេសទាំងពីរ បានភ្ជាប់ចំណងការទូតជាមួយគ្នាជាង៧៣ឆ្នំាមកហើយ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានបន្តពូនជ្រុំដោយថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរជាបន្តបន្ទាប់។
តាមទិន្នន័យពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញថា កម្ពុជាគឺជាដៃគូពាណិជ្ជកម្មលំដាប់ទី១៧របស់ថៃ ហើយក្នុងរយៈពេល១១ខែ ពោលគឺចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសទាំងមានទំហំពាណិជ្ជកម្មសរុបចំនួន ៩.១៧ពាន់លានដុល្លារ កើនឡើង២៥ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ក្នុងរយៈពេល១១ខែ ប្រទេសថៃ បាននាំទំនិញមកកម្ពុជា ក្នុងទំហំជាទឹកប្រាក់ ៨.១៣ពាន់លានដុល្លារ មានកំណើន២៥ភាគរយ ហើយកម្ពុជាបាននាំទំនិញទៅប្រទេសថៃក្នុងទំហំជាទឹកប្រាក់ ១.០៤ពាន់ដុល្លារ មានកំណើន២៧ភាគរយ៕