លោក ឃួង ស្រេង ទទួលការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ឋានៈស្មើរដ្ឋមន្ត្រី

សង្គម​និង​សេដ្ឋកិច្ច

លោក ឃួង ស្រេង ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្ប​ន្ន តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/១៤៩ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឃួង ស្រេង បច្ចុប្បន្នជាអភិបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងកាលពីឆ្នាំ​២០១៧ ជំនួស​លោក ប៉ា សុជាតិវង្ស។ នៅឆ្នាំ២០២១ លោកក៏​​ទទួល​បាន​ការ​តែងតាំង​ជា​ថ្មី​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​សម្រាប់​អាណត្តិ​ទី​២។

លោក ឃួង ស្រេង ត្រូវ​បានគេស្គាល់ថា​ជា​មនុស្ស​ជំនិត​និង​ជា​ទំពាំង​ដែល​លោក ជា សុផារ៉ា ឧបនាយក​រដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ក្រសួង​ដែនដី​នគរោបនីយកម្ម​និង​សំណង់​ បាន​បណ្តុះ​បណ្តាល​ដោយ​ផ្ទាល់​ដៃ​ អំឡុង​​កាន់​តំណែង​​ជា​​អភិបាល​រាជធានី​ភ្នំពេញ​អំឡុង​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៣។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ មុន​ឡើង​ជា​អភិបាលរាជធានី​ភ្នំពេញ។ លោក​ ធ្លាប់​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​ជាមន្ត្រី​សាលា​ខណ្ឌ​ទួលគោក​នៅ​ឆ្នាំ​២០០៨ និង​ពីឆ្នាំ១៩៩៩-២០០៨ ​ជា​អភិបាល​រង​ខណ្ឌ​ទួលគោក។ ​ឆ្នាំ២០០៨-២០០៩ តែងតាំងជា​អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​។ ចាប់​ពី​ឆ្នាំ២០០៩-២០១២ ​ជា​អភិបាល​ខណ្ឌ​សែនសុខ និង​ឆ្នាំ២០១២-២០១៧ ជា​អភិបាលរង​រាជធានី​ភ្នំពេញ។

សូមជម្រាបជូនថា គិត​តាម​លេខ​រៀង​​ពី​ឆ្នាំ​១៩៤១ មក ​​លោក ឃួង ស្រេងគឺ​ជា​ឥស្សរជន​ទី ១៨ ដែល​ឡើង​គ្រប់​គ្រងតំណែង​ជា​អភិបាល​​រាជធានី​ភ្នំពេញ៕