សម្តេចតេជោ៖ កុំឱ្យរឿងដូចអ្នកកាសែតលើស្ពានជ្រោយចង្វារ និងរឿងគ្រូកាត់សក់សិស្សកើតឡើងទៀត

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យល្មមបញ្ចប់សកម្មភាពអ្នកកាសែតលើស្ពានជ្រោយចង្វារ និងរឿងសកម្មភាពរបស់គ្រូបង្រៀននៃវិទ្យាល័យសំពៅលូន ប្រើកន្ត្រៃម៉ូទ័រឈូសសក់សិស្សប្រុសៗ ដែលជាសកម្មភាពមួយខុសឆ្គងមិនអាចទទួលយកបាន និងសូមកុំឱ្យព្រឹត្តិការណ៍នេះកើតឡើងសារជាថ្មី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ បានជំរុញឱ្យឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហៅអ្នកកាសែតOnlineទាំងអស់ ទៅទទួលការអប់រំបន្ថែម ចៀសវាងការកើតឡើងបាតុភាពផ្សេងៗនៅក្នុងសង្គម ដូចករណីអ្នកកាសែតOnlineម្នាក់ ដែលហួងហែងរឿងសកម្មភាពចរាចរណ៍លើស្ពានជ្រោយចង្វារកាលពីពេលថ្មីៗនេះ។

ដោយឡែករឿងមួយទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដូច្នេះថា៖«គ្រូ និងសិស្ស មិនខុសពីឪពុកម្តាយ និងកូននោះទេ ខ្ញុំថាគួរតែមានការដាក់ពិន័យលើសិស្សដោយភាពសមស្រប  ចៀសវាងការកាត់សក់សិស្សកណ្តាលចំណោមសិស្សក្នុងថ្នាក់ដូច្នេះ….[]បើមិនត្រូវតាមស្តង់ដារសាលា ត្រូវឱ្យពួកគេទៅកាត់ ឬកាត់ឱ្យ ព្រោះគ្រូក៏មានកន្ត្រៃត្រង់ដឺដែរនោះ ចឹងសកម្មភាពនេះគួរកែប្រែឡើងវិញ និងកុំឱ្យកើតមានករណីបែបនេះតទៅទៀត»។

យ៉ាងណាមិញ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការស្នើឱ្យបិទបញ្ចប់រឿងអ្នកកាសែតលើស្ពានជ្រោយចង្វារ និងគ្រូកាត់សក់សិស្សប្រុសនៅសំពៅលូននេះ គឺដើម្បីកុំឱ្យមានភាពរញ៉េរញ៉ៃ និងច្របូកពីសំណាកមជ្ឈដ្ឋានជុំវិញកាន់តែខ្លាំងជាងនេះ ខណៈសម្តេចក៏ស្នើឱ្យក្រសួងព័ត៌មាន និងក្រសួងអប់រំ ធ្វើការអប់រំ និងណែនាំទៅដល់អ្នកសារព័ត៌មាន និងគ្រូកុំឱ្យបន្តធ្វើសកម្មភាពដូច្នេះទៀត។

សូមរម្លឹកដែរថា ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ គឺធ្វើឡើងក្រោយករណីរឿងទាំងពីរខាងលើនេះ បានទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ថាជាទង្វើមិនគប្បី និងមិនអាចទទួលយកបានឡើយ៕

អត្ថបទ៖ ពិសី