អគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តគាំទ្រកិច្ចសហប្រតិបត្តិការដល់ការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម នៅព្រឹកទី៣០ ខែមករា ឆ្នាំ២០២៣ អគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា បានបង្ហាញការប្តេជ្ញាបន្តគាំទ្រកិច្ចសហប្រតិបត្តិការដល់ការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានបង្ហាញពីក្តីរីករាយដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ត្រូវបានលើកកម្ពស់ទៅជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅក្នុងខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុននិងកម្ពុជា។ ក្នុងនាមជាឯកអគ្គរាជទូត លោកក៏មានបំណងចង់ធ្វើទស្សនកិច្ចនៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជាដើម្បីយល់ដឹងបន្ថែមអំពីសង្គមនិងវប្បធម៌របស់ប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានប្តេជ្ញាថា៖« រាជរដ្ឋាភីបាលជប៉ុននឹងនៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការក្នុងការចូលរួមអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាជាបន្តទៀតផងដែរ»។

ពាក់ព័ន្ធនឹងការលើកឡើងនេះ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានស្វាគមន៍វត្តមានឯកអគ្គរាជទូតជប៉ុនថ្មីនៃប្រទេសជប៉ុនប្រចាំកម្ពុជា។ ក្រសួងរៀបចំដែនដី ដែលជាដៃគូក្នុងការអភិវឌ្ឍន៍នៅកម្ពុជា ក្រសួងនឹងបង្កើនការរឹតចំណងសាមគ្គីភាពមិត្តភាពរវាងកម្ពុជានិងជប៉ុនបន្ថែមទៀត។ 

គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើបានឱ្យដឹងដែរថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មកប្រទេសជប៉ុនបានសហការជាមួយកម្ពុជាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយឡែកនាពេលបច្ចុប្បន្ននេះជប៉ុនបានសហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កម្ពុជាក្នុងការរៀបចំមូលដ្ឋានគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធផ្សេងៗដូចជាច្បាប់សំណង់ គោលដៅនៃបច្ចេកវិទ្យាសំណង់ ឧបករណ៍ដែលទទួលប្រព័ន្ធ GPS និងឧបករណ៍ផ្សេងៗទៀតសម្រាប់វិស័យសំណង់ និងសហការក្នុងការចុះបញ្ជីដីធ្លីផងដែរ៕ អត្ថបទ៖ ពិសី