ពិធីចាប់ត្រីបែបបុរាណក្នុងបឹងត្រពាំងក្រមនៅខេត្តត្បូងឃ្មុំ នឹងប្រារព្ធឡើងនៅថ្ងៃទី១៨ កុម្ភៈ ខាងមុខនេះ

សង្គម​និង​សេដ្ឋកិច្ច

ប្រសិនគ្មានការប្រែប្រួលនោះទេ ពិធីចាប់ត្រីបែបបុរាណក្នុងបឹងត្រពាំងក្រម នៅក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងប្រារព្ធឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាព លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលស្រុកមេមត់ បានឲ្យដឹងថា ឧបករណ៍ចាប់ត្រីមានដូចជា អង្រុត ឈ្នាង ត្រក ក្អុះជាដើម ហើយកម្មវិធីចាប់ត្រីបែបបុរាណនៅបឹងត្រពាំង សម្រាប់ឆ្នាំនេះ នឹងប្រព្រឹត្តទៅដោយមានរបៀបវារៈដូចជា៖ ម៉ោង៨៖០០នាទី ជួបជុំភ្ញៀវកិត្តិយស និងប្រជាប្រិយមិត្ត នៅក្នុងបរិវេណបឹងត្រពាំងក្រម ម៉ោង ៩៖៣០នាទី គណៈអធិបតី និងសហការីអញ្ជើញដល់ ម៉ោង ៨៖៤៥នាទី ប្រសាសន៍សំណេះសំណាលរបស់ គណៈអធិបតី និងម៉ោង ១០៖១៥នាទី ចាប់ផ្តើមចុះក្នុងបឹងត្រពាំងក្រម ដំណើរការចាប់ត្រីតាមបែបបុរាណ ។

គួររម្លឹកថា ប្រជាពលរដ្ឋនៅភូមិសាទុំ តែងតែរៀបចំពិធីចាប់ត្រីនៅបឹងក្រមនេះជាង២០០ឆ្នាំមកហើយ ។ពិធីចាប់ត្រីនេះត្រូវបានអាក់ខានក្នុងរបបប៉ុលពត ប៉ុន្តែចាប់ពីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ មកបានរៀបចំធ្វើពិធីនេះឡើងវិញមានអ្នកចូលរួមយ៉ាងច្រើនកុះករសម្រាប់ឆ្នាំនេះមានអ្នកចូលរួមកាន់តែច្រើនជាងឆ្នាំមុន មានប្រមាណ២០,០០០នាក់ដែលមកពីទីជិតឆ្ងាយ។

គួរបញ្ជាក់ថា មុនពិធីចាប់ត្រីមកដល់អាជ្ញាធរមិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រីក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រីទុកសម្រាប់ពិធីចាប់ត្រីជារៀងរាល់ឆ្នាំ ។ ចំពោះការចាប់ត្រីពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា៖ អង្រុត ឈ្នាង និងត្រកជាដើម ដើម្បីចាប់ត្រីក្នុងពិធីនេះ ដោយតំបន់បឹងក្រមមានផ្ទៃដីប្រមាណ ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា ៕