អារ៉ាប៊ីសាអូឌីតនឹងបើកស្ថានទូតឆាប់ៗនេះដើម្បីពង្រីកទំនាក់ទំនងលើគ្រប់វិស័យជាមួយកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសអារ៉ាប៊ីសាអូឌីត ត្រៀមនឹងបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រីកទំនាក់ទំនងជាមួយកម្ពុជាលើគ្រប់វិស័យ។ នេះបើយោងជំនួបរវាងឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងក្រុមការងារបច្ចេកទេសអារ៉ាប៊ីសាអូឌីត ដឹកនាំដោយលោក Mohammed Mbark Al Saefi ទីប្រឹក្សាក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Mohammed Mbark Al Saefi ទីប្រឹក្សាក្រសួងការបរទេសអារ៉ាប៊ីសាអូឌី បានឱ្យដឹងថា ជំនួបនេះ បានពិភាក្សាផ្តោតសំខាន់ លើការស្វែងរកទីតាំងសមស្របណាមួយ ក្នុងការរៀបចំបើកស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ដូចជា វិស័យការទូត វិស័យអប់រំ វិស័យកីឡា និងវិស័យពាណិជ្ជកម្ម ឲ្យមានការកើនឡើងបន្ថែមទៀត។

ពាក់ព័ន្ធនឹងរឿងនេះ លោកឧកញ៉ា អូស្មាន ហាស្សាន់ បានបង្ហាញការសាទរ និងរីករាយ ដែលអារ៉ាប់ប៊ីសាអូឌីត បានសម្រេចបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា ហើយគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ ពង្រឹង និងពង្រីក ទំនាក់ទំនងទ្វេភាគីដែលជាប្រយោជន៍រួម របស់ប្រជាជាតិទាំងពីរ។

គួរបញ្ជាក់ដែរថា កម្ពុជា-អារ៉ាប៊ីសាអូឌីត សម្រេចបានពាណិជ្ជកម្មទ្វេភាគីក្នុងទំហំទឹកប្រាក់ ២៦លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០២០ (មានត្រឹមតែ១៩លានដុល្លារ) ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានទំហំ ១៥.៦លានដុល្លារ ក្នុងឆ្នាំ២០១៩ និង ១៦លានដុល្លារ ក្នុងឆ្នាំ២០១៨។

ក្នុងនោះ កម្ពុជានាំចេញមុខទំនិញសំខាន់ៗ ទៅអារ៉ាប៊ីសាអូឌីតមានដូចជា អង្ករ សម្លៀកបំពាក់ ស្បែកជើង និងផ្លែឈើ។ កម្ពុជានាំចូលមុខទំនិញ សំខាន់ៗពីអារ៉ាប៊ីសាអូឌីត មានដូចជា ផលិតផលធ្វើពីប្លាស្ទិក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី សម្ភារៈសំណង់ និងទំនិញដទៃទៀត៕