អំឡុងបំពេញទស្សនកិច្ចផ្លូវការនៅចិន ក្រៅជួបលោក ស៊ី ជីនពីង សម្តេច ហ៊ុន សែន ជួបឥស្សរជនរូបណាខ្លះ?

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ចកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ នាថ្ងៃទី៩ ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បតតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃអង្គារទី៧កុម្ភៈនេះ ក្នុងឪកាសទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងលោក លី ជានស៊ូ ប្រធានសភាដំណាងប្រជាជនចិន ហើយក៏មានជំនួបទ្វេភាគីជាមួយលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងក្តីកង្វល់រួមក្នុងតំបន់ និងអន្តរជាតិ។

ក្រៅពីជំនួបទ្វេភាគីនោះ នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីចិន នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសចិននាពេលខាងមុខ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងធ្វើឲ្យកាន់ស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។

សូមជម្រាបជូនថា ឆ្នាំ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន-កម្ពុជា ខណៈដែលមន្រ្តីជាន់ខ្ពស់ចិនបានលើកឡើងថា ចិននិងកម្ពុជា គឺជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និងបងប្អូនល្អ គឺជាមិត្តដែកថែបដែលគាំទ្រគ្នាយ៉ាងមុតមាំទៅវិញទៅមក ក៏ជាសហគមន៍វាសនារួម ដែលជួយគ្នាទៅវិញទៅមករួមសុខទុក្ខជាមួយគ្នា។ ក្រោមការដឹកនាំជាយុទ្ធសាស្ត្រកម្រិតខ្ពស់នៃប្រទេសទាំងពីរ និង ការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងចិននិងកម្ពុជាបានឈានចូលដល់យុគសម័យថ្មីនៃការកសាងសហគមន៍វាសនារួម បានក្លាយជាគំរូសម្រាប់ទំនាក់ទំនងរវាងប្រទេសនិងប្រទេស និង ជាគំរូសម្រាប់ការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី។

លោក វ៉ាង វិនធៀង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា ដោយចាប់យកខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៣ និង«ឆ្នាំមិត្តភាពចិន-កម្ពុជា» ជាឱកាស ដើម្បីពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រនៃថ្នាក់ដឹកនាំជាន់ខ្ពស់ និងជំនឿទុកចិត្តគ្នាទៅវិញទៅមកលើផ្នែកនយោបាយ លើកកម្ពស់កិច្ចសហប្រតិបត្តិការផលប្រយោជន៍រួមលើបណ្ដាវិស័យ ឱ្យកាន់តែស៊ីជម្រៅ សម្របសម្រួលកិច្ចការអន្តរជាតិនិងក្នុងតំបន់ឱ្យស្អិតរមួត ធានាបានថាទំនាក់ទំនងទ្វេភាគីមានដំណើរក្នុងកម្រិតខ្ពស់ជានិច្ច បន្តផ្តល់ផលប្រយោជន៍ជូនដល់ប្រទេសនិងប្រជាជនទាំងពីរ ព្រមទាំងរួមចំណែកថ្មីនិងកាន់តែធំធេងក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងលើសកលលោក រួមគ្នាកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ៕