កម្ពុជា-ចិន ចង់បង្កើតការសម្តែងរួមគ្នានូវក្បាច់គុនល្បុកតោ និងក្បាច់គុនសៅលីង ដើម្បីអបអរខួប៦៥ឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-ចិន បានបើកកិច្ចពិភាក្សាគ្នាលើកិច្ចប្រតិបត្តិការ១០ចំណុច ដោយផ្ដោតលើទេសចរណ៍ វប្បធម៌ កីឡា សិល្បៈ វិនិយោគ និងពាណិជ្ជកម្មជាដើម។ ក្នុងចំណោមកិច្ចពិភាក្សាទាំង១០ចំនុចនេះ ភាគីទាំងពីរ ផ្តោតពិភាក្សាចង់ឱ្យមានការសម្តែងរួមគ្នានូវក្បាច់គុនខ្មែរល្បុកតោ និងក្បាច់គុនចិនសៅលីង ដើម្បីអបអរខួប៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងឆ្នាំទស្សនាកម្ពុជា ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងដោយគណៈប្រតិភូជួរមុខក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយ លោក ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាមួយលោក ស្ស៉ឺ ចឺអ៉ី (Shi Zeyi) អនុប្រធានការិយាល័យផ្លាស់ប្តូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវប្បធម៌និងទេសចរណ៍ចិននាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ភាគីទាំងពីរ បានពិភាក្សាគ្នាផ្តោតលើចំនុចសំខាន់ៗចំនួន១០រួមមាន៖

 ១. អបអរសាទរខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្នុងក្របខ័ណ្ឌសហគមន៍ជោគវាសនារួមគ្នាតែមួយ។

 ២. ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពធនធានមនុស្សជូនមន្រ្តីរាជការ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ មានដូចជា មគ្គុទេសក៍ទេសចរណ៍ និងបុគ្គលិកជួរមុខ ដែលនិយាយភាសាចិន ជាពិសេសស្នើសុំភាគីចិនចូល រួមការផ្តល់យោបល់ធាតុចូលថ្មីៗ ដើម្បីធ្វើបច្ចុប្បន្នភាពទៅលើសៀវភៅស (China Ready) ស្របតាម និន្នាការទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។

៣. ជំរុញឱ្យមានការហោះហើរត្រង់ពីគោលដៅសំខាន់ៗនៃប្រទេសចិនមកកាន់កម្ពុជា ក្រោយពីកែសម្រួលវិធានការណ៍។

៥. លើកទឹកចិត្តការរៀបចំខ្សែទស្សនកិច្ចរបស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍របស់ប្រទេសទាំង២។

៦. ជំរុញឱ្យមានខ្សែទស្សនកិច្ចទេសចរណ៍ ពិសេសរវាងរដ្ឋ និងឯកជននៃប្រទេសទាំង២។

៧. ព្រឹត្តិការណ៍ SEA Games លើកទី៣២ និង ASEAN Para Games លើទី១២ ឆ្នាំ២០២៣។

. ការរៀបចំព្រឹត្តិការណ៍កីឡាភ្ជាប់ជាមួយវេទិកាធុររកិច្ច វិនិយោគទេសចរណ៍ ពាណិជ្ជកម្មកម្ពុជា-ចិន។

៩. សហការរៀបចំពិព័ណ៌ម្ហូបអាហារ តន្រ្តី វប្បធម៌ កីឡា ដែលមានការចុះបញ្ជីទទួលស្គាល់ពីអង្គការបេតិកភ័ណ្ឌពិភពលោក UNESCO។

១០. ការរួមគ្នាសម្តែងសិល្បក្បាច់ប្រដាល់បុរាណខ្មែរ (ល្បុកតោ) និងការសម្តែងក្បាច់គុណចិនសៅលីង (Shaolin) ដែលមានបញ្ជីទទួលស្គាល់ពីអង្គការបេតិកភ័ណ្ឌពិភពលោក UNESCO ថ្មីៗ ដើម្បីអបអរសាទរខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងឆ្នាំទស្សនាកម្ពុជា ២០២៣។

ពាក់ព័ន្ធកិច្ចសហការជាមួយចិននេះដែរ នាយករដ្ឋមន្រ្តីសម្តេចតេជោហ៊ុន សែន ក៏នឹងអញ្ជើញទៅបំពេញទស្សន​កិច្ចផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈខាងមុខ។ ទស្សនកិច្ច គឺជាប្រវត្តិសាស្រ្តមួយរបស់ឥស្សរជនកំពូលបរទេសទី១មកចិន ក្រោយពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ក្នុងន័យរឹតបន្តឹងចំណងមិត្តភាពដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មីឱ្យបានកម្រិតថ្មីមួយទៀត ហើយក៏បានបង្កើតឱកាសមាសដល់ប្រតិភូក្រសួងទេសចរណ៍កម្ពុជាបានចូលជួបពិភាក្សាការងារផ្ទាល់ជាមួយសាមីក្រសួងក្រោយវិបត្តិកូវីដ-១៩៕

អត្ថបទ៖​ពិសី