មន្ត្រីជំនាញជលផលចាត់ទុកដំណើរទស្សនៈកិច្ចនៅក្នុងវិស័យវារីវប្បកម្មជាការលើកទឹកចិត្តនិងជួយផ្សព្វផ្សាយដល់កសិករ

សង្គម​និង​សេដ្ឋកិច្ច

ទោះបីជាសកម្មនៃការធ្វើវារីវប្បកម្មឬការចិញ្ចឹមត្រី បង្កងរបស់ប្រជាពលរដ្ឋដើម្បីផ្គត់ផ្គង់តម្រូវការនៅមានកម្រិត ប៉ុន្តែគេសង្កេតឃើញថា ពលរដ្ឋទទួលបានការយកចិត្តទុកដាក់ពីមន្ត្រីគ្រប់កម្រិតរបស់រាជរដ្ឋាភិបាលតាមរយៈការចុះទស្សនៈកិច្ចស្វែងយល់ពីការអនុវត្តរបស់កសិករនិងថែមទាំងបានជួយផ្សព្វផ្សាយឱ្យប្រជាកសិករថែមទៀតផង។ ជាក់ស្តែងកន្លែងចិញ្ចឹមត្រីនិងបង្កងរបស់កសិករសាប់សារុនដែលមានទីតាំងនៅក្នុងឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានលោក ឌិត ទីណា រដ្ឋមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចុះមកពិនិត្យហើយថ្មីៗនេះទៀត ប្រធានគណកម្មការទី២នៃព្រឹទ្ធសភាលោក ជា ជេដ្ឋ បានចុះមកទស្សនៈស្វែងយល់ពីការចិញ្ចឹមរបស់កសិករផងដែរកាលថ្ងៃទី៨កុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តតាកែវ លោក អុកហាក់ បានចាត់ទុកថាដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្មកន្លងមកនេះក៏ដូចជាប្រធានគណកម្មការទី២នៃព្រឹទ្ធសភាដែលដឹកនាំដោយលោក ជា ជេដ្ឋ ចុះមកនៅកន្លែងចិញ្ចឹមបង្កងនិងត្រីនាពេលនេះ ក្នុងគោលបំណងសំខាន់គឺចង់លើកទឹកចិត្តទៅដល់ប្រជាកសិករនៅតំបន់ជនបទក៏ដូចជានៅក្នុងទឹកដីខេត្តតាកែវទាំងមូល ដែលជាតំបន់មួយដ៏ប្រសើរសម្រាប់យើងធ្វើការផ្សព្វផ្សាយទៅពលរដ្ឋផ្សេងទៀតក្នុងខេត្តនិងនៅទូទាំងប្រទេស។

លោក អុកហាក់ នាយរងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តតាកែវ មានប្រសាសន៍ថាគោលបំណងសំខាន់របស់តំណាងព្រឹទ្ធសភាគឺគាត់ចង់សិក្សាស្វែងយល់អំពីការចិញ្ចឹមបង្កងនៅក្នុងខេត្តតាកែវ សម្រាប់យកទៅផ្សព្វផ្សាយនៅខេត្តដទៃទៀត ហើយតាមគោលការណ៍របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មតែងតែយកចិត្តទុកដាក់ទៅលើការងារផ្សព្វផ្សាយក៏ដូចជាគាំទ្រទៅដល់វារីវប្បករដែលចង់ធ្វើអាជីវកម្មទាក់ទងទៅនិងវារីវប្បកម្មតាមមូលដ្ឋានជនបទ ភូមិគោលដៅ ហើយនៅពេលកន្លងមកជាយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានជំរុញការនេះមកខាងមន្ទីរកសិកម្មខេត្តតាកែវ និងខណ្ឌរដ្ឋបាលជលផលដែលចំណុះឱ្យមន្ទីរកសិកម្មលើការងារចិញ្ចឹមនេះឱ្យមានការរីកចម្រើននិងធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែច្រើននាពេលអនាគត។

លោក អុកហាក់ មានប្រសាសន៍ថា«ខ្ញុំគិតថាអ្វីដែលរាជរដ្ឋាភិបាល ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងមន្ទីរកសិកម្មយល់ឃើញថាការជំរុញលើវិស័យកសិកម្មក៏ដូចជាវិស័យវារីវប្បកម្មនៅក្នុងខេត្តតាកែវគឺមានសក្តានុពលទាក់ទងនិងការចិញ្ចឹមបង្កងនេះយើងមានតំបន់ជាប់ដែនទឹកដូចជាស្រុកបូរីជលសារ កោះអណ្តែត ទ្រាំង អង្គរបូរី និងស្រុកព្រៃកាបាស់ជាដើម។ នៅពេលអនាគតនិងយើងមានផែនការយុទ្ធសាស្ត្រសម្រាប់ពង្រីកផលិតកម្មចិញ្ចឹមបង្កងឱ្យកាន់តែរីកដុះដាលឡើងនៅគ្រប់ស្រុក»។

លោកបន្តថា ការចិញ្ចឹមបង្កងនៅក្នុងខេត្តតាកែវនេះបើប្រៀបធៀបទៅនិងបណ្តាខេត្តផ្សេងទៀតគឺខេត្តតាកែវមានសក្តានុពលជាងគេ ដោយសារខេត្តតាកែវនៅជិតសមុទ្រដោយសារដែននេសាទរបស់ខេត្តវាជាប់ទៅនិងដៃសមុទ្រវាធ្វើឱ្យចរន្តទឹកជោ ឬទឹកនាជវាមានពេលវេលាផ្លាស់ប្តូរ ជាហេតុធ្វើឱ្យការចិញ្ចឹមបង្កងទទួលបានជោគជ័យ។

បើតាមមន្ត្រីជំនាញជលផលនៃមន្ទីរកសិកម្មខេត្តតាកែវថា ក្នុងខេត្តតាកែវនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការចិញ្ចឹមត្រីលក្ខណៈគ្រួសារវាហាក់ដូចនៅទ្រឹងប៉ុន្តែបើយើងចិញ្ចឹមបែបវារីវប្បករ មានន័យថាគាត់ចាប់អាជីពចិញ្ចឹមត្រីសម្រាប់លក់មានការរីកដុះដាលច្រើន ដោយសារគាត់ប្រៀបធៀបការធ្វើស្រែចំការទៅនិងវារីវប្បកម្មនេះគាត់បានចំណូលខ្ពស់៕ អត្ថបទ៖សារេត