សម្តេច ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងឧកញ៉ាធំៗ ទៅបំពេញទស្សនកិច្ចនៅឡាវថ្ងៃស្អែក

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវចំនួន ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសឡាវ អមដំណើរដោយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋ​មន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួន។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួប​សម្ដែង​ការ​គួរសម​ដោយ​ឡែកពីគ្នា ជាមួយ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងលោក សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ក៏ដូចជាទទួលការជួប​សម្តែង​ការ​គួរ​សម​ពី​សំណាក់​ប្រធាន​សមាគម​មិត្តភាពឡាវ-កម្ពុជា។

ក្រសួងការបរទេស បញ្ជាក់ថា អំឡុងស្នាក់នៅប្រទេសឡាវ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយសមភាគី លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋ​មន្ត្រីឡាវ ដើម្បីពិភាក្សា​អំពី​មធ្យោបាយ​ក្នុង​ការ​ពង្រីក​បន្ថែម​ទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យ រួមទាំង សន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែល មានផលប្រយោជន៍ និងជា​ក្តី​បារម្ភ​រួម។ នៅក្រោយជំនួប ពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ «ផែន​ការ​សកម្មភាព សម្រាប់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និង​ឡាវ សម្រាប់ឆ្នាំ ២០២៣-២០២៧»៕