៣ថ្ងៃពិធីបុណ្យទន្លេនៅខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍សរុបជាង៥សែននាក់

សង្គម​និង​សេដ្ឋកិច្ច

រយៈពេល៣ថ្ងៃនៃពិធីបុណ្យទន្លេលើកទី ៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ» នៅខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរណ៍សរុបប្រមាណ ៥៥៣.៧៩៤ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ប្រមាណ ៥២០.០០០ នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៣៣.៧៧០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញស្ថិតិអ្នកទេសចរចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ដោយនៅថ្ងៃទី១ នាថ្ងៃទី១៥ ខែមីនា ទេសចរសរុបប្រមាណ ១៦១.២៧២ នាក់ ថ្ងៃទី២ នាថ្ងៃទី១៦ មានទេសចរសរុបប្រមាណ ២៩៦.២៧៩ នាក់។ ចំណែកថ្ងៃទី៣ នាថ្ងៃទី១៧ មានទេសចរសរុបប្រមាណ ៩៦.២៤៣ នាក់ ក្នុងនោះទេសចរជាតិ ប្រមាណ ៨៥.០០០ នាក់ និងទេសចរបរទេស ប្រមាណ ១១.២៤៣ នាក់។

ក្នុងពិធីបើកបុណ្យទន្លេលើកទី ៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ» កាលពីល្ងាចថ្ងៃទី១៦ខែមីនា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា គោលបំណងនៃពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍទេសចរណ៍សហគមន៍។

សម្តេចធិបតីថ្លែងថា បុណ្យទន្លេមានតួនាទីយ៉ាសំខាន់ ដើម្បីបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ឱ្យកាន់តែសំបូរបែប ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានកំណត់យកខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដែលមានលក្ខណៈពហុវិស័យ ក្នុងចំណោមប៉ូលទាំង៥ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចទៅក្នុងសៀមរាប និងខេត្តដទៃទៀត ជាពិសេស វិស័យទេសចរណ៍ តាមរយៈការទាក់ទាញពីសក្តានុពលពីខេត្តសៀមរាប តភ្ជាប់ទៅកាន់សក្តានុពល និងគោលដៅទេសចរណ៍សំខាន់ៗដទៃទូទាំងប្រទេស ដែលតម្រូវឱ្យដាក់ចេញនូវវិធានការណ៍ពិសេស និងគន្លឹះក្នុងការទាក់ទាញក្នុងឆ្នាំ២០២៤ សម្រាប់កម្ពុជា ដោយកម្ពុជាបានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” និងត្រូវបានប្រកាស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងវេទិការដ្ឋាភិបាល-ឯកជន លើកទី១៩ នៅវិមានសន្តិភាព ដោយមានវិធានការចំនួន ៨ ក្នុងការស្តារវិស័យទេសចរណ៍ខេត្តសៀមរាបរួមមាន៖ ១. ការរៀបចំឡើងវិញក្រុមប្រឹក្សាទេសចរណ៍ ២. ការរៀបចំ និងដាក់ចេញផែនការសកម្មភាពជាក់លាក់ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ៣. រៀបចំបដិសណ្ឋារកិច្ចតាមច្រកព្រំដែន ៤. ការពង្រីកវិសាលភាពបណ្ណព្រំដែន ៥. ការផ្ដល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ៦. ការលើកទឹកចិត្តផ្នែកពន្ធដារ ៧. លើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៏ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៏ទេសចរណ៍ និងទី៨. ការតភ្ជាប់ជើងហោះហើរដោយត្រង់ពីគោលដៅទេសចរណ៍ល្បីមកសៀមរាប៕