ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកវិស័យ​​ឯកជន​​គឺជា​​ឆ្អឹង​​ខ្នងនៃការអភិវឌ្ឍរបស់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យឯកជនគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍរបស់កម្ពុជា និងជាដៃគូដ៏​សំខាន់​​របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការសម្រេចបាននូវប្រសិទ្ធភាពនៃការអនុវត្ត​គោល​នយោ​បាយ ដូចជាគោលនយោបាយ​​នៃវិស័យអប់រំរបស់រាជរដ្ឋាភិបាលជាដើម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើង​របស់​ឯកឧត្តមបណ្ឌិត ដូចនេះបានធ្វើឡើងនៅក្នុងពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធ សេវាអប់រំនៅកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏​មោះមុត​​​​របស់​​សហព័ន្ធសេវា​​អប់​​រំ​​​នៅកម្ពុជាជាពិសេសការជួយទំនុកបម្រុងដល់គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅឯកជន ដែលជាសមាជិកឱ្យ​​នៅ​បន្តមាន​ដំ​​ណើរ​ការប្រកបដោយនិរន្តរភាព នៅក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩។ ជាពិសេថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សមា​ជិក-សមាជិការបស់សហព័ន្ធសេវាអប់រំ​​នៅ​កម្ពុជា​​ទាំងអស់ ដែលបានលះបង់ធនធាន រួមចំណែកជាវិភាគទាន​​ជា​មួ​​យ​​រាជរ​ដ្ឋា​ភិបាល នៅក្នុង​​​​​ការ​ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកិច្ចការសង្គមផ្សេងៗ និងការផ្តល់អាហារូបករណ៍ជូនដល់​សិស្ស​ក្រី​ក្រ និងសិស្សឆ្នើមនានានាពេលកន្លងមក។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ការអប់រំជាការសំខាន់សម្រាប់មនុស្សគ្រប់​​ស្រទាប់​​វណ្ណៈ និងគ្រប់ជាតិ​សាសន៍ ព្រោះថាធនធានមនុស្សគឺជាមូលដ្ឋានចម្បងដើម្បីធ្វើឱ្យប្រទេស​​មួយធ្វើដំណើរឆ្ពោះទៅការអភិវឌ្ឍរីកចម្រើន​ប្រកប​ដោយ​ចីរភាព ភាពប្រកួតប្រជែង និងធានាបាននូវអធិបតេយ្យ និងភាពឯករាជ្យម្ចាស់ការយូរអង្វែង៕