កម្ពុជា-ឡាវ មានគម្រោងតភ្ជាប់ផ្លូវដែកល្បឿនលឿនរួមគ្នាដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា កម្ពុជា-ឡាវ បានពិភាក្សារួមគ្នាពីគម្រោងតភ្ជាប់ផ្លូវដែកល្បឿនលឿនរួមគ្នា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោថ្លែងក្នុងសន្និសីទសារព័ត៌មាន និងពិធីចុះហត្ថលេខារវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លើយតបទៅសំនួររបស់អ្នកសារព័ត៌មាននាសន្និសីទសារព័ត៌មាននោះ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅថ្ងៃខាងមុខកម្ពុជា នឹងមានគម្រោងតភ្ជាប់ផ្លូវដែកល្បឿនលឿនរវាងកម្ពុជា រវាងឡាវ និងរវាងកម្ពុជាជាមួយបណ្តាប្រទេសដដៃ ដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ទន្ទឹមគ្នានេះ សម្តេចតេជោ បានអះអាងដែរថា កម្ពុជា-ឡាវ ក៏បានពិភាក្សាពីគម្រោងលើកកម្ពស់នៅកិច្ចសហប្រតិបត្តការលើវិស័យទេសចរណ៍ តាមរយៈការភ្ជាប់ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នា នៅតំបន់ទេសចរណ៍សំខាន់ៗ និងទៅតំបន់ទីក្រុងផងដែរ។

គួរបញ្ជាក់ថា កាលព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ដំណើរទស្សនកិច្ចនេះ មានរយៈពេលពីរថ្ងៃពីថ្ងៃទី១៣ ដល់ ១៤ ខែកុម្ភៈ តបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។

ក្នុងដំណើរទស្សនកិច្ចនោះដែរ សម្តេច នឹងមានជំនួបទ្វេភាគីជាមួយសមភាគីនាយករដ្ឋមន្ត្រី លោក សន សៃ ស៊ីផាន់ដន ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងជាក្តីបារម្ភរួម។ នៅក្រោយជំនួបពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ «ផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និងឡាវ សម្រាប់ឆ្នាំ២០២៣-២០២៧»ផងដែរ៕ អត្ថបទ៖ ពិសី