ក្រសួងមហាផ្ទៃរកចំណូលបានជាង២៨លានដុល្លារ ពីសេវារដ្ឋបាលច្រកចេញចូលតែមួយទូទាំងរាជធានី-ខេត្ត ក្នុងឆ្នាំ២០២២

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងឆ្នាំ២០២២កន្លងទៅ អង្គភាពច្រកចេញចូលតែមួយនៃរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលបានចំនួន ៦៩៥ ២០៥សេវា និងទទួលបានចំណូលសរុបចំនួន ២៨ ២១២ ៤៩២ដុល្លារ។ នេះបើតាមការឱ្យដឹងពីនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសនោះ លោកបានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ក្រសួងមហាផ្ទៃ បានសម្របសម្រួល និងដាក់ឱ្យអនុវត្តនូវសេចក្ដីណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ នៅរដ្ឋបាលឃុំ សង្កាត់ បន្ថែមទៀត។

លោកគូសបញ្ជាក់ថា ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ផ្ដល់សេវារដ្ឋបាល បានចំនួន ១ ៥៦១ ៧០៤សេវា និងទទួលបានចំណូលសរុបចំនួន សមមូល ២ ៧៥២ ២៦៦ដុល្លារ។

បើតាមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ការិយាល័យប្រជាពលរដ្ឋនៅរាជធានី-ខេត្ត ទទួលបានបណ្តឹង និងព័ត៌មានផ្សេងៗចំនួន ១.២៦៧ ករណី ក្នុងនោះ បណ្ដឹងក្នុងសមត្ថកិច្ច ៧៦៧ករណី (បញ្ចប់ការដោះស្រាយបាន ៧១២ករណី) បណ្តឹងក្រៅសមត្ថកិច្ច ២០២ករណី និងព័ត៌មានផ្សេងៗ ២៩៨ករណី៕