សម្តេចតេជោ ស្នើឱ្យប្រទេសនានាផ្តល់ភាពអនុគ្រោះ នៅពេលកម្ពុជាចេញផុតពីប្រទេសអភិវឌ្ឍតិចតួច

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅពេលមិនយូរទេ កម្ពុជានឹងចាកចេញពីប្រទេសដែលមានកម្រិតការអភិវឌ្ឍតិចតួច។ទន្ទឹមគ្នានេះ សម្តេចក៏បានបង្ហាញក្តីបារម្ភពីថា អត្រាការប្រាក់ដែលកម្ពុជាខ្ចី នឹងលែងជាហិរញ្ញប្បទានសម្បទានទៀតហើយ គឺការប្រាក់ខ្ពស់ជាងមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃចន្ទនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវការព្រួយបារម្ភនៅពេលដែលប្រទេសកម្ពុជាចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចនៅពេលឆាប់ៗខាងមុខ ទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតទាប។

ដោយសម្តេចបានបញ្ជាក់ថា៖«កាលណាយើងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គេលែងឱ្យយើងខ្ចីលុយតាមគោលការណ៍សម្បទានហើយ តែគេនឹងឱ្យយើងខ្ចីតាមអត្រាការប្រាក់តាមគោលការណ៍ពាណិជ្ជកម្ម ចឹងគោលការណ៍ពាណិជ្ជកម្មនេះ គឺមានការប្រាក់ខ្ពស់ជាងមុន ពេលនោះកម្ពុជា នឹងបាត់បង់ការទទួលបានអត្រាការប្រាក់អនុគ្រោះ ពីកម្ចីអង្គការអភិវឌ្ឍន៍»។

ជាមួយគ្នា សម្តេចតេជោ ក៏បានស្នើសុំឱ្យប្រទេសនានាផ្តល់ភាពអនុគ្រោះបន្តទៀត និងយោគយល់កម្ពុជា ឱ្យបន្តផ្តល់អត្រាការប្រាក់បែបគោលការណ៍សម្បទានដដែល ខណៈកម្ពុជាប្រែឋានៈជាប្រទេសដែលមានចំណូលមធ្យមកំរិតទាប ឬប្រទេសដែលមានកម្រិតការអភិវឌ្ឍតិចតួចនាពេលខាងមុខនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាគឺស្ថិតនៅក្នុងឋានៈជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយក្នុងឋានៈនេះ កម្ពុជាអាចមានសិទ្ធិខ្ចីប្រាក់ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ជាមូលនិធិរបស់ ក្រុមធនាគារពិភពលោក សម្រាប់ប្រជាជាតិក្រីក្របំផុត។

បើតាមការចាត់ចំណាត់ថ្នាក់ដោយធនាគារពិភពលោកសម្រាប់ឆ្នាំ២០២២-២០២៣បានបង្ហាញថា ប្រទេសដែលមានប្រាក់មធ្យមកម្រិតទាប គឺត្រូវមានចំណូលជាតិដុលក្នុងពលរដ្ឋម្នាក់ៗ (GNI per capita)ចន្លោះពី ១.០៨៦ ទៅ៤.២៥៥ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ត្រូវមានចំណូលជាតិដុលក្នុងពលរដ្ឋម្នាក់ៗចន្លោះពី ៤.២៥៦ ទៅដល់១៣.២០៥ ដុល្លារក្នុងមួយឆ្នាំ ខណៈប្រទេសចំណូលខ្ពស់ត្រូវមានលើពី ១៣.២០៥ដុល្លារឡើងទៅ៕

 អត្ថបទ៖ ពិសី