លោក ស៊ុន ចាន់ថុល ជំរុញក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានឱ្យមកបោះទុនវិនិយោគលើគម្រោងធំៗនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបង្ហាញពីសក្តានុពល និងគម្រោងធំៗទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជា កំពុងស្វែងរកដៃគូវិនិយោគលើកិច្ចការងារនេះ។ទន្ទឹមគ្នានេះ លោកក៏បានជំរុញឱ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានឱ្យមកបោះទុនវិនិយោគលើគម្រោងធំៗនៅកម្ពុជាផងដែរ។នេះបើតាមរយៈជំនួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិច-អាស៊ាន (US-ASEAN Business Council – US-ABC) កាលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលកំពុងបើកដំណើរការគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលនឹងរៀបចំធ្វើការសិក្សា ព្រមទាំងគម្រោងលើកកម្រិតផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ សហការជាមួយ ក្រសួងសេដ្ឋកិច្ច ពន្លឿន និងស្វែងរកដៃគូវិនិយោគលើកិច្ចការងារនេះ។

ដោយឡែកវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកវិញ លោកបានលើកឡីងពីគម្រោងការជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត ដែលគម្រោងនេះត្រូវបានសិក្សាលម្អិតរួចរាល់ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដែលមិនមានអ្វីជាការប៉ះពាល់ឡើយ បើសិនជាយើងរកបានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យលេចចេញជារូបរាង នោះវានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍នេះផងដែរ។

ជុំវិញការលើកឡើងនេះ លោក Michael W. Michalak ក្នុងនាមក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិច-អាស៊ាន បានសម្តែងនូវការគាំទ្ររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានសន្យាជំរុញឱ្យក្រុមហ៊ុន ក៏ដូចជាវិនិយោគិនរបស់អាមេរិក មកដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីផ្ទេរក៏ដូចជាចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើនោះដែរ លោក ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ប្រាប់ទៅកាន់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិច-អាស៊ាន សូមកុំឱ្យរួញរាក្នុងការទាក់ទងស្វែងរកការជួយគាំទ្រពីស្ថាប័នរដ្ឋ ពីព្រោះភាពជោគជ័យនៃវិស័យឯកជន គឺជាភាពជោគជ័យរបស់រាជរដ្ឋាភិបាលដូចគ្នា ដូចដែលយើងដឹងស្រាប់ហើយថា កំណើនសេដ្ឋកិច្ច និងឱកាសការងារ គឺបានមកពីវិស័យឯកជនមួយភាគធំ៕

អត្ថបទ៖ ពិសី