រយៈពេល៥ឆ្នាំ កសិដ្ឋានចិញ្ចឹមបង្កង១០កន្លែងនៅខេត្តតាកែវ ទទួលបានផលបង្កងជាង៣០០តោន

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា​ វិស័យកសិកម្ម កំពុងបានដើរទូនាទីដ៏សំខាន់សម្រាប់ជួយជំរុញសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋ និងជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្ត។ ទន្ទឹមគ្នានេះ មានកសិដ្ឋានចិញ្ចឹមបង្កងចំនួន ១០កន្លែង ក្នុងរយៈពេល៥ឆ្នាំនេះ អាចផលិតបរិមាណផលបង្កងរហូត ៣៣៥ តោន ផងដែរ។ នេះបើតាមការលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តតាកែវ» កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ប្រជាពលរដ្ឋខេត្តតាកែវ មានចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ(GDP)កើនឡើងជាលំដាប់ចាប់ពី១.៣៦៤ដុល្លារ/ម្នាក់នៅឆ្នាំ២០១៨ ទៅដល់១.៥២៦ដុល្លារ/ម្នាក់ នៅឆ្នាំ២០២១។

ជាមួយគ្នានោះ លោកថា៖«បច្ចុប្បន្នខេត្តតាកែវ មានកសិដ្ឋានចិញ្ចឹមបង្កងចំនួន ១០កន្លែង និងបរិមាណផលបង្កងមានក្នុងមួយឆ្នាំសរុប ៦៧តោន ខណៈបើគិតត្រឹមរយៈពេល៥ឆ្នាំចុងក្រោយ ពោលចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២២ កសិដ្ឋានទាំង១០នេះ អាចផលិតបរិមាណផលបង្កងបានចំនួន ៣៣៥ តោន» ។ 

គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍លទ្ធផល៥ឆ្នាំ របស់រដ្ឋបាលខេត្តតាកែវ បានបង្ហាញដែរថា ក្រៅពី បានជំរុញចលនាចិញ្ចឹមសត្វ  ចិញ្ចឹមត្រីចិញ្ចឹមបង្កង ទាំងនៅតាមសហគមន៍ និងនៅតាមស្រះរបស់ប្រជាពលរដ្ឋ និងឡភ្ញាស់ពងទាកូនឱ្យមានសកម្មភាពយ៉ាងផុលផុសហើយនោះ បច្ចុប្បន្ននៅក្នុងខេត្តតាកែវ ក៏មានស្រះចិញ្ចឹមត្រីកំពុងដំណើរការចំនួន ៩.១៥៥ស្រះ កសិដ្ឋានចិញ្ចឹមជ្រូកចំនួន ៥២ កន្លែង កសិដ្ឋានចិញ្ចឹមគោចំនួន ០២កន្លែង កសិដ្ឋានចិញ្ចឹមបក្សីចំនួន ៣៧កន្លែង  កសិដ្ឋានចិញ្ចឹមមាន់មានចំនួន ៣២កន្លែង ឡភ្ញាស់កូនមាន់ចំនួន ០២កន្លែង និងឡភ្ញាស់ពងទាកូនចំនួន ៧៦កន្លែង បរិមាណស៊ុតទា(សាប ប្រៃ និងកូន)នាំចេញទៅកាន់ទីផ្សារក្នុងខេត្តថែមទៀត៕ អត្ថបទ៖ ពិសី