ក្រុមហ៊ុនបរទេសមួយ គ្រោងនឹងសាងសង់រូបពុទ្ធបដិមាមួយកម្ពស់៨០ម៉ែត្រនៅខេត្តព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនធំមួយនៅប្រទេសឡាវបានប្ដេជ្ញាចំពោះមុខកម្ពុជាថា នឹងមកវិនិយោគបង្កើតផលិតផលទេសចរណ៍ ផ្សព្វផ្សាយពីទេសចរណ៍នៅកម្ពុជា ជំរុញការហោះហើរត្រង់បន្ថែមពីឡាវមកកម្ពុជា ពិសេសនៅតំបន់សមុទ្រកម្ពុជា ដើម្បីទាក់ទាញទេសចរឡាវ និងទេសចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក វ៉ី ឈានជាំង ប្រធានក្រុមហ៊ុន Alpha Data Technology Lao Sole Co., Ltd កាលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោក ថោង ខុន បានស្នើឲ្យលោក វ៉ី ឈានជាំង ជួយជំរុញការហោះត្រង់ពីប្រទេសឡាវមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុផងដែរ។

ជាការឆ្លើយតប លោកប្រធាន វ៉ី ក៏បានសន្យាថានឹងជួយជំរុញឱ្យក្រុមហ៊ុន Cambodia Airways ពង្រីកមានការហោះហើរត្រង់មកកម្ពុជាបន្ថែម។ លោក ឈានជាំង ក៏បានសន្យាថានឹងរៀបចំផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានៅប្រទេសឡាវឲ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាពជាងនេះ។

លោកបន្តថា ក្រុមហ៊ុន Alpha Data Technology Lao Sole គ្រោងនឹងសាងសង់រូបពុទ្ធបដិមាមួយកម្ពស់៨០ម៉ែត្រនៅខេត្តព្រះសីហនុ ដែលអាចទាក់ទាញទេសចរទាំងក្នុងនិងក្រៅស្រុក។

សូមជម្រាបថា ក្រុមហ៊ុន Alpha Data Technology Lao Sole គឺប្រតិបត្តិការលើការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសឡាវ និងវិនិយោគលើវិស័យអចលនវត្ថុ ហើយពិសេសទៀតនោះក៏ជាក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ធំមួយផងដែរ៕