កម្ពុជា-វៀតណាម គ្រោងសម្ពោធច្រកអន្តរជាតិម៉ឺនជ័យ-តឺនណាម នាពេលដ៏ខ្លីខាងមុខ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-វៀតណាម គម្រោងនឹងរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ច្រកអន្តរជាតិម៉ឺនជ័យ​(ព្រៃវែង)-តឺនណាម(តៃនិញ) នាពេលដ៏ខ្លីខាងមុខ ខណៈបច្ចុប្បន្នភាគីទាំងពីរ កំពុងនិត្យលទ្ធភាពពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីដំណើរតាមច្រកទ្វានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមជំនួបពិភាក្សាការងាររវាងលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អមដោយតំណាងក្រុមហ៊ុនកំពង់ស្ពឺហ្គើរ ជាមួយ លោក Tran Quoc Khanh អនុរដ្ឋមន្រ្តីក្រសួងឧស្សហកម្ម និងពាណិជ្ជកម្មវៀតណាម រួមទាំងសហការី នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ។

លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងកិច្ចពិភាក្សានោះ លោកបានស្នើសុំភាគីវៀតណាម ពិនិត្យលទ្ធភាពពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ​(ព្រៃវែង)-តឺនណាម(តៃនិញ) ដោយនាពេលបច្ចុប្បន្ន គូភាគីនៅរង់ចាំតែ ពិធីសម្ភោធជាផ្លូវការនៃច្រកអន្តរជាតិនេះ ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ប៉ុណ្ណោះ។

ជាការឆ្លើយតប លោក Tran Quoc Khanh អនុរដ្ឋមន្រ្តីក្រសួងឧស្សហកម្ម និងពាណិជ្ជកម្មវៀតណាមបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកម្ពុជា និងបានកត់សម្គាល់នូវសារៈសំខាន់ រួមទាំងសាទរនូវការរីកចម្រើននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ខណៈលោកក៏បានឯកភាពនឹងពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ(ព្រៃវែង)-តឺនណាម(តៃនិញ) តាមដែលអាចធ្វើបាន ស្របពេលដែលថ្នាក់ដឹកនាំកំពូលទាំងពីរគ្រោងនឹងសម្ភោធច្រកទ្វារអន្តរជាតិនេះ នាពេលដ៏ខ្លីខាងមុខផងដែរ។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើ កម្ពុជា-វៀតណាម អះអាងថា ការពន្លឿនដំណើរការច្រកទ្វារអន្តរជាតិនេះ គឺសំដៅជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលបម្រើដល់ឧត្តមផលប្រយោជន៍សេដ្ឋកិច្ច ​ និងប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ៖ ពិសី