ADB ផ្តល់ហិរញ្ញប្បទាន៧៣លានដុល្លារ ពង្រឹងវិស័យជលផលក្នុងខេត្តជាប់សមុទ្រចំនួន៤ របស់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសផ្តល់កញ្ចប់ហិរញ្ញប្បទាន ៧៣លានដុល្លារ ជួយពង្រឹងវិស័យជលផលក្នុងខេត្តជាប់មាត់សមុទ្រចំនួន៤ របស់កម្ពុជា ដើម្បីឱ្យនិរន្តរភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថា កញ្ចប់ហិរញ្ញប្បទាន៧៣លានដុល្លារ គឺនឹងប្រើប្រាស់សម្រាប់គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ក្នុងនោះ នឹងត្រូវផ្តល់ហិរញ្ញប្បទានជាប្រាក់កម្ចីចំនួន៤១លានដុល្លារពី ADB , ជំនួយឥតសំណងចំនួន២២ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ីរបស់ ADB និងប្រាក់កម្ចីចំនួន១០លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ក្រោមកញ្ចប់ជំនួយ (ACGF)។ ជាងនេះផងដែរ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (Agence Française de Développement) ក៏នឹងផ្តល់ជាសហហិរញ្ញប្បទានប្រមាណ២0លានដុល្លារ ដែលនឹងត្រូវគ្រប់គ្រងដោយ ADB ផងដែរ។ 

លោក អាល់វីន ឡូប៉េស Alvin Lopez អ្នកឯកទេសជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្មរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងថា «គម្រោងនេះ គឺជាការវិនិយោគដ៏សំខាន់លើកដំបូងរបស់ ADB លើវិស័យជលផលសមុទ្រ ហើយក៏ជាជំហានដ៏សំខាន់មួយ នៃផែនការសកម្មភាពសម្រាប់មហាសមុទ្រប្រកប ដោយផាសុខភាព និងសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយនិរន្តរភាព។ វាឆ្លើយតបទៅនឹងយុទ្ធសាស្ត្រសំខាន់ៗ មួយចំនួនរបស់រាជរដ្ឋាភិបាល រួមមាន៖ ក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រសម្រាប់វិស័យជលផល ២០១៥-២០២៤ និងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ស្តីពីគោលការណ៍គន្លឹះក្នុងការគ្រប់គ្រងជលផលសមុទ្រនៅកម្ពុជា ឆ្នាំ២០១៩ សម្រាប់ការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍធនធានជលផលសមុទ្រ»។

គួរបញ្ជាក់ថា គម្រោងនេះ នឹងជួយឱ្យខេត្តជាប់មាត់សមុទ្រចំនួន៤របស់កម្ពុជា គឺខេត្តកំពត កែប កោះកុង និង ក្រុងព្រះសីហនុ ឈានចេញពីការធ្លាក់ចុះយ៉ាងគំហុក នៃវិស័យជលផល លើកកម្ពស់ការចិញ្ចឹមត្រីសមុទ្រដោយនិរន្តរភាព និងលើកកម្ពស់ទីតាំងប្រមូលទុកផលនេសាទ ដើម្បីកែលម្អសុវត្ថិភាពអាហារសមុទ្រ។ មានការរំពឹងថា នៅក្រោមគម្រោងនេះ ជលផលក្បែរឆ្នេរសមុទ្រប្រហែល ៤០ភាគរយ នឹងត្រូវបានបង្កើតឡើងវិញទៅជាសហគ្រាសប្រកបដោយផលិតភាព និងនិរន្តរភាព។ គម្រោងនេះដែរ ក៏នឹងផ្តល់អត្ថប្រយោជន៍ដល់ អង្គការសហគមន៍នេសាទចំនួន២៥និងសមាជិកនៃតំបន់ការពារសហគមន៍ចំនួន១៥ ដែលមានចំនួនជិត២ម៉ឺនគ្រួសារក៏ដូចជាសហគមន៍ឆ្នេរសមុទ្រទាំងមូល ដែលមានប្រជាជនប្រហែល២០ម៉ឺននាក់ថែមទៀត៕