សម្តេច ហ៊ុន សែន  ការយល់ពីគ្នាទៅវិញទៅមក គឺមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ផលប្រយោជន៍អាស៊ាន

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងការបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ នៅសណ្ឋាគារសុខាអូតែល ខេត្តសៀមរាប ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា ស្របពេលដែលកំពុងមានការកើនឡើងនៃភាព មិនប្រាកដប្រជាការផ្លាស់ប្តូរឆាប់រហ័ស, ភាពស្មុគស្មាញ និងភាពមិនប្រក្រតីនៃសន្តិសុខ សកល និងបរិស្ថានសេដ្ឋកិច្ច ។ ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ និង ភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយ, ការបន្តដោះស្រាយជំងឺរាតត្បាតកូវីដ-១៩, វិបត្តិស្បៀងអាហារ និង ថាមពល, ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងសង្គ្រាម បានបង្កើតឱ្យមាននូវ «ស្ថានភាពដ៏អាក្រក់» មួយ ។

ទន្ទឹមនេះ សម្តេចតេជោបន្តទៀតថា បញ្ហាផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុក៏កាន់តែបង្ហាញច្បាស់, ទាំង ទំហំ និងភាពញឹកញាប់ ខណៈពិភពលោកកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយ ស្របពេល ដែលវិបត្តិដ៏ស្មុគស្មាញជាច្រើន បាននិងកំពុងបង្កការគំរាមយ៉ាងខ្លាំងដល់គ្រឹះនៃសន្តិភាព របស់ប្រជាជាតិទាំងឡាយនៅជុំវិញពិភពលោក ។ បន្ថែមលើនេះ សម្តេចថា ការធ្លាក់ចុះនៃយន្តការពហុភាគីនិយម ក៏ធ្វើឱ្យយើងអស់គ្នាទទួលរងនូវផលវិបាកផងដែរ។

នៅក្នុងបរិបទនេះ សម្តេចតេជោ អះអាងថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក, កិច្ចសហប្រតិបត្តិការប្រកបដោយការអនុវត្ត និង ការកសាងសមត្ថភាព ។

ហេតុនេះ ការលើកកម្ពស់នៃការគោរពគ្នាទៅវិញទៅមក, ការយល់ពីគ្នាទៅវិញទៅមក, ការជឿទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ដើម្បីសន្តិភាព(M4P2) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់៕