ក្រុមហ៊ុនប្រេងដ៏ល្បី PETRONAS Cambodia បាននិងកំពុងដឹកនាំម្ចាស់ដេប៉ូធំៗទូទាំងប្រទេសចំនួន ២០រូប ធ្វើដំណើរទស្សនកិច្ចអគារ PETRONAS Twin Tower នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី២៧ខែតុលា ឆ្នាំ២០២៥។

តំណាងក្រុមហ៊ុនបានឱ្យដឹងថា កម្មវិធីដំណើរទស្សនកិច្ចនេះមានរយៈពេល ៥ថ្ងៃ គឺថ្ងៃទី១ នៅថ្ងៃទី២៣ ខែតុលា ក្រុមហ៊ុននាំក្រុមការងារឡើងទៅកាន់អគារ PETRONAS Twin Tower (Sky Bridge) ជាកន្លែងដែលភ្ជាប់ពីអគារមួយទៅកាន់អគារមួយ និងជាកន្លែងសម្រាប់អតិថិជន VIP។ លើសពីនេះ ក្រុមហ៊ុននឹងនាំពួកគាត់ទៅកាន់ជាន់ទី៨៦ ដែលជាជាន់កាន់តែពិសេស ដែលសម្រាប់តែក្រុមការងារពិសេសៗ (VVIP) របស់ PETRONAS ទូទាំងពិភពលោក ទើបមានសិទ្ធិឡើងទៅកាន់កន្លែងនោះ។ នៅថ្ងៃទី២៤ ខែតុលា ក្រុមហ៊ុនបាននាំពួកគាត់ឱ្យទទួលបានបទពិសោធន៍ ទៅមើលកន្លែងចម្រាញ់ កន្លែងបូម និងកន្លែងផលិតប្រេង នៅម៉ាឡេស៊ី ដែលក្នុងមួយថ្ងៃផលិតបាន ៧សែនបារ៉ែល (១ថ្ងៃប្រហែល ១១១លានលីត្រ)។ រីឯនៅថ្ងៃទី៣ ជាកម្មវិធីធំក្នុងគោលបំណងចូលរួមកម្មវិធីប្រណាំងម៉ូតូលំដាប់ថ្នាក់ពិភពលោកល្បឿនលឿនបំផុត MotoGP PETRONAS Grand prix 2025 ដែលរៀបចំដោយក្រុមហ៊ុន PETRONAS។
ថ្នាក់ដឹកនាំក្រុមហ៊ុន PETRONAS Cambodia បានបញ្ជាក់ថា គោលបំណងដំណើរទស្សនកិច្ចនេះ គឺដើម្បីឱ្យពួកគាត់បានទទួលបទពិសោធន៍ថ្មីនៅស្រុកគេ ជាក់ស្តែងដូចជា កន្លែងផលិត កន្លែងចម្រាញ់ប្រេង ការឡើងទៅកាន់អគារ PETRONAS Twin Tower (Sky Bridge), កន្លែង VVIP របស់ក្រុមការងារ PETRONAS ជុំវិញពិភពលោក នៅជាន់ទី៨៦ និងការអញ្ជើញចូលរួមកម្មវិធីប្រណាំងម៉ូតូ MotoGP។ ទាំងអស់នេះ ដើម្បីជំរុញនិងផ្តល់ទំនុកចិត្តដល់អតិថិជន និងដេប៉ូរបស់ក្រុមហ៊ុន ឱ្យកាន់តែមានទំនុកចិត្ត ហើយដើម្បីពង្រឹងនិងពង្រីកទីផ្សារឱ្យកាន់តែរឹងមាំនៅប្រទេសកម្ពុជា។
សូមជម្រាបថា ក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងជាក្រុមហ៊ុនក្នុងស្រុកតែមួយគត់ ទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS និងសំបកកង់ឡានម៉ាក សៃលុន នៅកម្ពុជា បានឈានទៅចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាផ្លូវការ ជាមួយក្រុមហ៊ុនប្រេងខ្នាតយក្ស PETRONAS GROUP ប្រចាំប្រទេសម៉ាឡេស៊ី លើការនាំចូលផ្តាច់មុខនូវផលិតផលប្រេងម៉ាក PETRONAS ចែកចាយបន្តទូទាំងប្រទេសកម្ពុជា៕

























