សម្តេចតេជោ ហ៊ុន សែន ធានាជាថ្មីចំពោះនាយករដ្ឋមន្រ្តីចិនថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយចិន

សង្គម​និង​សេដ្ឋកិច្ច

លោក ស៊ី ជិនពីង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានចេញក្រឹត្យប្រធានាធិបតីតែងតាំងលោក លី ឈាង មេដឹកនាំលំដាប់ទី២ ក្នុងជួរបក្សកុម្មុយនីស្តចិន ជំនួសលោក លី ខឹឈាំង ដែលត្រូវចូលនិវត្តន៍បន្ទាប់ពីអង្គុយកៅអីនាយករដ្ឋមន្ត្រី២អាណត្តិតាមការកំណត់របស់រដ្ឋធម្មនុញ្ញ ជានាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីទទួលបានការយល់ព្រមពីសមាជិកសភាប្រជាជនចិនក្នុងកិច្ចប្រជុំនៅវិមានប្រជាជនក្នុងទីក្រុងប៉េកាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសអបអរសាទរលោក លី ឈាង ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីចិន ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោគូសបញ្ជាក់ថា ការតែងតាំង លោក លី ឈាង ក្នុងតួនាទីដ៏មានសារសំខាន់នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីការជឿជាក់ និងទំនុកចិត្ត ដែលរដ្ឋាភិបាល និងប្រជាជនចិន មានចំពោះ លោក លី ឈាង។

តាមរយៈលិខិតអបអរសាទរផ្ញើជូននាយករដ្ឋមន្រ្តីចិនថ្មី លោក លី ឈាង សម្តេចតេជោនាយករដ្ឋមន្រ្តីបានអះអាងថា «សម្តេចជឿជាក់យ៉ាងមុតមាំថា តាមរយៈភាពជាអ្នកដឹកនាំ ប្រកបដោយសមត្ថភាព និងបទពិសោធន៍ច្រើនឆ្នាំរបស់លោក លី ឈាង ប្រទេសចិននឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍យូរអង្វែងរបស់ខ្លួន ជំរុញភាពរុងរឿងដ៏អស្ចារ្យ និង ដើរតួនាទីកាន់តែសំខាន់ថែមទៀត នៅលើឆាកអន្តរជាតិ»។

បើតាមសម្តេចតេជោ ប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទនងការទូតជាប្រពៃណីយូរអង្វែង ដែលបាន និងកំពុងបន្តរីកចម្រើនកាន់តែរឹងមាំថែមទៀត។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន សូមធានាជាថ្មីជូនចំពោះ លោក លី ឈាង នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន សំដៅអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្បូងពេជ្ររបស់យើង ពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីប្រយោជន៍ ទៅវិញទៅមករបស់ប្រទេស និងប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក៕