រោងចក្រស្បែកជើងមួយរបស់ចិន សម្រេចប្តូរទីតាំងពីមីយ៉ាន់ម៉ា មកវិនិយោគនៅកម្ពុជាវិញ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានឱ្យដឹងថា បញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា បានធ្វើឱ្យរោងចក្រផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅទីនោះ សម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបជាមួយ រដ្ឋមន្ត្រីក្រសួងការងារ កាលថ្ងៃទី១៣ ខែមីនា លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានឱ្យដឹងទៀតថា ការសម្រេចរើទីតាំងនេះ គឺដោយសារតែកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀតក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។

ជាមួយគ្នានេះ លោកថា ក្រុមហ៊ុនក៏មានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការ នៅក្នុងអំឡុងខែ មិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

ពាក់ព័ន្ធនិងរឿងនេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ក៏បានថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុនដែលមានទំនុកចិត្តមកលើកម្ពុជា ហើយកម្ពុជាក៏សូមស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ដែលបានបោះទុនវិនិយោគនៅទីនេះ។ ដោយក្នុងនោះ កម្ពុជាមានទីផ្សារនាំចេញផលិតផលស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារធំៗ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុនជាដើម។

លោកបញ្ជាក់ថា ការរក្សាបានទីផ្សារនាំចេញទាំងអស់នេះ ដោយសារតែកម្ពុជា បានអនុវត្តន៍នូវគោលនយោបាយពាណិជ្ជកម្មផ្សាភ្ជាប់ទៅនឹងលក្ខខណ្ឌការងារ ដោយធានាបាននូវនិរន្តរភាព នៃការការបញ្ជាទិញពីប្រេនធំៗរបស់ពិភពលោក។

យ៉ាងណាមិញ លោកមន្ត្រី ក៏បានស្នើដល់ក្រុមហ៊ុនចូលរួមគោរពច្បាប់របស់កម្ពុជា ជាពិសេសច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីសហជីព គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធវិស័យការងារ។

បើតាមប្រធានក្រុមហ៊ុនខាងលើ បានឱ្យដឹងថា ជម្រាបពីប្រវត្តិខ្លះៗរបស់រោងចក្រខាងលើ ត្រូវការបុគ្គលិកជិតមួយពាន់នាក់ ដើម្បីផលិតស្បែកជើងឱ្យបាន៧០ម៉ឺនគូរក្នុងមួយខែ ក្នុងការនាំចេញទៅកាន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក៕ ពិសី