កម្ពុជា-ចិន ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនលើស១២ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-ចិន នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើងលើស១២ពាន់ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមការឱ្យដឹងពីលោក អ៊ុក ទី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីសន្និសីទផ្សព្វផ្សាយស្តីពី ពិព័រណ៍ផលិតផលនាំចេញ-នាំចូលចិន លើកទី១៣៣ នៅខេត្តក្វាងទុង ប្រទេសចិន កាលចុងសប្តាហ៍កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អ៊ុក ទី បានលើកឡើងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានឈានដល់ដំណាក់កាលថ្មីមួយទៀតលើសពី មិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងកម្រិតត្បូងពេជ្រ និងបានប្តេជ្ញារួមគ្នាកសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។កម្ពុជា-ចិនបានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០១០កន្លងមក។

លោក បានបន្តថា ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ចិន ក្នុងក្របខ័ណ្ឌ គោលនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ ជាងនេះទៅទៀត កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ នេះ។

ក្នុងឱកាសនោះ ឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា នេះជាឱកាសសម្រាប់ ពាណិជ្ជករកម្ពុជា ដែលមានបំណងចង់រកដៃគូពាណិជ្ជកម្ម ជាមួយប្រទេសចិន ដោយសភាពាណិជ្ជកម្មកម្ពុជា នឹងមានគម្រោងរៀបចំបេសកកម្មពាណិជ្ជកម្មមួយទៅកាន់ប្រទេសចិន នាខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ដោយឆ្លងកាត់ទីក្រុងក្វាងចូវរយៈពេលខ្លីដើម្បីធ្វើជំនួបពាណិជ្ជកម្ម បន្ទាប់មកប្រតិភូសភាពាណិជ្ជកម្មនឹងបន្តដំណើរទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២០ ឆ្នាំ២០២៣ នាពេលខាងមុខ។

ជាមួយគ្នានោះ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើសុំដល់គណៈកម្មការរៀបចំពិព័រណ៍ទំនិញនាំចេញ-នាំចូលចិនបន្តការជួបជុំគ្នា ដើម្បីប្រមូលកៀគរពាណិជ្ជករ ក្រុមហ៊ុនសហគ្រាសកម្ពុជា ទៅចូលរួមពិព័រណ៍ខាងលើឱ្យបានច្រើនថែមទៀត ក្នុងគោលបំណងផ្លាស់ប្តូរបេសកកម្មពាណិជ្ជកម្មទៅវិញ ទៅមក និងជួយជំរុញទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ឱ្យបានច្រើនជាងមុនបន្ថែមទៀត៕