ក្រុមហ៊ុន Netflix Inc បាននិយាយកាលពីថ្ងៃអង្គារកន្លងទៅថា ខ្លួនគ្រោងនឹងធ្វើការវិនិយោគទឹកប្រាក់ចំនួន ២,៥ពាន់លានដុល្លារ នៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់រយ:ពេល ៤ ឆ្នាំខាងមុខ ដើម្បីផលិតរឿងភាគ ខ្សែភាពយន្ត និងកម្មវិធីកម្សាន្តផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
ក្រុមហ៊ុនផ្តល់សេវាស្រី្ទមភាពយន្តខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានធ្វើការប្រកាសអំពីផែនការរបស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំដ៏ធំមួយរវាងប្រធានាធិបកូរ៉េខាងត្បូង លោក Yoon Suk Yeol និងសហនាយកប្រតិបត្តិក្រុមហ៊ុន Netflix លោក Ted Sarandos អំឡុងពេលលោក Yoon បានទៅដល់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយ:ពេល ៦ ថ្ងៃ។
ទន្ទឹមនឹងនេះ លោក Yoon ក៏បានបង្ហាញការស្វាគមន៍ចំពោះការវិនិយោគដ៏ធំនេះ ដោយនិយាយថា វាជាឱកាសដ៏សំខាន់ សម្រាប់ឧស្សាហកម្មភាពយន្តរបស់កូរ៉េខាងត្បូង និងក្រុមហ៊ុន Netflix នៅពេលដែលប្រទេសនៅក្នុងតំបន់អាស៊ីមួយនេះ កំពុងស្វែងរកការផ្សព្វផ្សាយវប្បធម៌ និងឥទ្ធិពលរបស់ខ្លួន ។
ជម្រាបជូនផងដែរថា ចាប់តាំងពីការប្រកាសអំពីផែនការវិនិយោគនេះមក ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតកម្ម និងក្រុមហ៊ុនកម្សាន្តរបស់កូរ៉េខាងត្បូង បានកើនឡើង ដោយក្នុងនោះ ភាគហ៊ុនរបស់ក្រុមហ៊ុន Showbox មានការកើនឡើង ៨,៧៥% ស្របពេលក្រុមហ៊ុន Studio Dragon ក៏បានកើនឡើង ២,២៦% ផងដែរ ៕