ស្ពានកោះពេជ្រ-កោះនរា រួមចំណែកកាត់បន្ថយកកស្ទះចរាចរណ៍ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតរាជធានីភ្នំពេញជាង២០ម៉ឺននាក់

សង្គម​ និង​សេដ្ឋកិច្ច

ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះពេជ្រ និងតំបន់អភិវឌ្ឍន៍កោះនរា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ស្ពានមួយនេះ ក៏ជាការរួមចំណែកក្នុងការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតរាជធានីភ្នំពេញប្រមាណ២០ម៉ឺននាក់ ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១៤ វិច្ឆិកានេះថាស្ពានកោះពេជ្រ-កោះនរានេះ នឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញបានជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងស្រុកកៀនស្វាយ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។

សម្តេចធិបតីបន្តថា សមិទ្ធផលថ្មីដ៏សំខាន់មួយនេះ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដែលនឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ និងសម្រួលដល់ការធ្វើដំណើរប្រកបការងារដើម្បីសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា ស្ពានតភ្ជាប់រវាងទីក្រុងរណបកោះនរា គឺស្ថិតនៅខណ្ឌច្បារអំពៅ និងទីក្រុងរណបកោះពេជ្រ ស្ថិតនៅខណ្ឌចំការមន ដោយឆ្លងកាត់ទន្លេបាសាក់ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២០ ចំណាយថវិកាប្រមាណ ៣៨,០០០,០០០ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC។

ស្ពានខ្សែកាបដ៏ថ្មីសន្លាងមួយនេះ មានប្រវែង ៨៤៤ ម៉ែត្រ និង ទទឹង២៤,៥០ ម៉ែត្រ មានន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀតសម្រាប់អ្នកថ្មើជើង។ស្ពាននេះ ត្រូវបានបើកឲ្យប្រជាពលរដ្ឋ ធ្វើចរាចរផ្លូវទាំងសងខាង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣៕