ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានថ្លែងអំណរគុណចំពោះ លោក គីម ជុងអ៊ុន ដែលបានបញ្ជូនកងកម្លាំងរបស់ខ្លួន មកចូលរួមនៅក្នុងប្រតិបត្តិការរំដោះយកទីក្រុង Kursk និងថែមទាំងបានបង្ហាញការកោតសរសើរចំពោះភាពក្លាហានរបស់ទាហានកូរ៉េខាងជើងទាំងនោះផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។

លោក ពូទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយវិមានក្រឹមឡាំងនៅថ្ងៃចន្ទនេះថា៖” មិត្តរបស់យើងនៅក្នុងប្រទេសកូរ៉េខាងជើង បានធ្វើសកម្មភាពក្រោមការដឹកនាំនៃសាមគ្គីភាព យុត្តិធម៌ និងមិត្តដ៏ស្មោះត្រង់។ យើងពិតជាកោតសរសើរ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះលោកប្រធានគណៈកម្មការកិច្ចការរដ្ឋ គីម ជុងអ៊ុន ក៏ដូចជាថ្នាក់ដឹកនាំ និងប្រជាជនកូរ៉េខាងជើងទាំងមូល”។
ជុំវិញការលើកឡើងរបស់លោក ពូទីន បែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីគណ:កម្មការយោធាកណ្តាលកូរ៉េខាងជើង បានបញ្ជាក់ជាលើកដំបូង អំពីការចល័តកងកម្លាំងរបស់ខ្លួន ដើម្បីទៅចូលរួមប្រយុទ្ធនៅក្នុងកខេត្ត Kursk របស់ប្រទេសរុស្ស៊ី។
ទីភ្នាក់ងារដដែលនេះបាននិយាយថា ៖” ប្រតិបត្តិការដើម្បីរំដោះយកខេត្ត Kursk នោះត្រូវបានបញ្ចប់ដោយភាពជោគជ័យ។ អង្គភាពយោធាកូរ៉េខាងជើង បានចូលរួមក្នុងប្រតិបត្តិការក្រោមការណែនាំរបស់ប្រមុខរដ្ឋ ដោយបង្ហាពីជំនាញខ្ពស់ ស្មារតីរឹងមាំ ភាពក្លាហាន ននិងឆន្ទ:លះបង់។ នេះជាមោទនភាពរបស់ប្រទេស និងជាតិរបស់យើង”។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង KCNA បានបង្ហាញឲ្យដឹងថា ការសម្រេចចិត្តរបស់មេដឹកនាំ គីម ជុងអ៊ុន ក្នុងការពង្រាយកងទ័ពទៅកាន់ប្រទេសរុស្ស៊ីនោះ គឺស្របតាមសន្ធិសញ្ញាការពារទៅវិញទៅមករវាងប្រទេសទាំងពីរ និងជាភស្តុតាងនៃទំនាក់ទំនងមិត្តភាពប្រយុទ្ធរវាងភាគីទាំងពីរ។
គួរជម្រាបជូនថា មេដឹកនាំនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីខែមិថុនា ឆ្នាំ២០២៤ ដោយក្នុងនោះមានលក្ខខណ្ឌក្នុងការការពារគ្នាទៅវិញទៅមក។ ដូច្នោះហើយ នៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារដោយប្រដាប់អាវុធទៅលើប្រទេសមួយ ប្រទេសមួយទៀតនឹងផ្តល់ជំនួយផ្នែកយោធា និងជំនួយផ្សេងទៀតភ្លាមៗ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន៕

