សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានលើកឡើងថា ការទប់ស្កាត់ជំងឺមហារីកក៏ជាអាទិភាពសំខាន់ដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីទប់ស្កាត់របស់ក្រសួងសុខាភិបាល ខណៈសម្តេចអះអាងថា រដ្ឋាភិបាលគ្រោងថវិកា ១០លានដុល្លារ ដើម្បីគាំទ្រដល់ការព្យាបាលជំងឺមហារីកនៅមន្ទីពេទ្យលួងម៉ែផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» កាលព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៥។
នាកាសនោះ សម្តេចធិបតីថា ជំងឺមហារីកបានក្លាយជាការគំរាមនៃសុខភាពសាធារណៈ និងប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ច, រាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធជំងឺមហារីកជាអាទិភាពចម្បងមួយក្នុងចំណោមអាទិភាពដទៃទៀតរបស់ក្រសួងសុខាភិបាល។ទន្ទឹមគ្នានេះ សម្តេចថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានចាត់ទុកការអភិវឌ្ឍលើមូលធនមនុស្សគឺជាអាទិភាពចំបង ជាមួយគ្នានេះការទប់ស្កាត់ជំងឺមហារីកក៏ជាអាទិភាពសំខាន់ដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីទប់ស្កាត់របស់ក្រសួងសុខាភិបាលផងដែរ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបង្ហើបតថា រាជរដ្ឋាភិបាលគ្រោងថវិកា ១០លានដុល្លារ ដើម្បីឧបត្ថម្ភគាំទ្រដល់ការព្យាបាលជំងឺមហារីកនៅពេទ្យលួងម៉ែ សំដៅលើកកម្ពស់ការព្យាបាលជំងឺមហារីកឱ្យកាន់តែមានប្រសិទ្ធភាព។
សូមជម្រាបថា ប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០ ០០០ ករណី។ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋប្រមាណ ១៤ ០០០នាក់បានបាត់បង់ជីវិត ដោយសារជំងឺនេះ ខណៈតួលេខទាំងពីរនេះ ត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់ជំងឺមហារីក។នេះបើតាមការបញ្ជាក់បន្ថែម ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនាឱកាសនោះ៕ អត្ថបទ៖ ហ្សាលីន

