ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យថា លោកគ្រោងនឹងដាក់ពន្ធ ១០០% លើខ្សែភាពយន្តទាំងអស់ដែលផលិតនៅក្រៅប្រទេស ខណ:នេះត្រូវបានចាត់ទុកថាជាការពង្រីកគោលនយោបាយពាណិជ្ជកម្មរឹតបន្តឹងការនាំចូលរបស់អាមេរិក ទៅកាន់វិស័យកម្សាន្តជាលើកដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

នៅក្នុងការបង្ហោះសារមួយលើបណ្តាញសង្គម Truth Social ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា លោកកំពុងដឹកនាំនាយកដ្ឋានពាណិជ្ជកម្ម និងអ្នកតំណាងពាណិជ្ជកម្មរបស់លោក ឲ្យចាប់ផ្តើមដំណើរការបង្កើត ការយកពន្ធ ១០០% លើភាពយន្តបរទេសភ្លាមៗ។ ហើយជាមួយគ្នានេះ លោក ត្រាំ បានសង្កត់ធ្ងន់ថា៖” យើងចង់បានភាពយន្តដែលផលិតនៅអាមេរិក ម្តងទៀត”។
មិនតែប៉ុណ្ណោះ លោក ត្រាំ បាននិយាយទៀតថា ការដាក់ទីតាំងផលិតខ្សែភាពយន្តនៅបរទេស គឺជាការគំរាមកំហែងសន្តិសុខជាតិ ដោយសង្កត់ធ្ងន់ថា វាកំពុងធ្វើឲ្យឧស្សាហកម្មភាពយន្តបរទេសកំពុងរងការខូតខាត ហើយបណ្តាប្រទេសផ្សេងៗ កំពុងប្រើប្រាស់ខ្សែភាពយន្តទាំងនោះ សម្រាប់ជាការផ្ញើសារ និងការឃោសនា។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការប្រកាសរបស់លោក ត្រាំ បែបនេះ ហាក់នៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេថា តើពន្ធគយបែបនេះនឹងដំណើរការដោយរបៀបណា ឬរបៀបដែលភាពយន្តប្រភេទណានឹងត្រូវបានវាយតម្លៃ ក្នុងការជាប់ពន្ធគយនេះ នោះឡើយ។
ជម្រាបជូនផងដែរថា សកម្មភាពនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការផ្លាស់ប្តូរដោយប្រទេសចិន កាលពីខែមុន ដើម្បីកាត់បន្ថយកម្រិតនៃការនាំចូលខ្សែភាពយន្តហូលីវូ ដែលត្រូវបានអនុញ្ញាតឲ្យចាក់បញ្ចាំងនៅក្នុងប្រទេសខ្លួន ដើម្បីជាផ្នែកមួយនៃវិធានការសងសឹក ចំពោះការដាក់ពន្ធគយរបស់លោក ត្រាំ៕

