ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានបញ្ជាឲ្យក្រុមមន្ត្រីរបស់ខ្លួន បើកឡើងវិញនូវពន្ធនាគារសហព័ន្ធដ៏ល្បីល្បាញឈ្មោះ Alcatraz ស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលបានបិទកាលពីជាង ៦០ឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ដោយបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន កាលពីថ្ងៃទី៤ ខែឧសភា លោក ត្រាំ បាននិយាយថា ៖” យើងនឹងស្តារ និងបើក Alcatraz ឡើងវិញ។ នៅពេលណាដែលយើងជាប្រទេសដ៏តឹងរ៉ឹងជាងឥឡូវនេះ យើងមិនបានស្ទាក់ស្ទើរនោះទេក្នុងការដាក់ឃុំឃាំងឧក្រិដ្ឋជនដ៏គ្រោះថ្នាក់បំផុត ហើយរក្សាពួកគេឲ្យនៅឆ្ងាយពីអ្នកដែលពួកគេអាចធ្វើឲ្យមានគ្រោះថ្នាក់។ នោះជាអ្វីដែលយើងត្រូវធ្វើ”។
គួរឲ្យដឹងថា ពន្ធនាគារ Alcatraz មានទីតាំងនៅលើកោះតូចមួយក្នុងទីក្រុង San Francisco រដ្ឋកាលីហ័្វរញ៉ា ។ ហើយបើយោងតាមការិយាល័យពន្ធនាគាររបស់សហរដ្ឋអាមេរិក (BOP) បានឲ្យដឹងថា គុក Alcatraz ត្រូវបានបិទនៅឆ្នាំ១៩៦៣ បន្ទាប់ពីប្រតិបត្តិការរយៈពេល ២៩ឆ្នាំ ដោយសារការចំណាយខ្ពស់ពេក។
ទន្ទឹមនឹងនេះ បើយោងតាមគេហទំព័រ BOP បានបង្ហាញឲ្យដឹងទៀតថា គុក Alcatraz នេះ មានការចំណាយសម្រាប់ប្រតិបត្តិការច្រើនជាងបីដង បើធៀបទៅនឹងពន្ធនាគារសហព័ន្ធផ្សេងទៀត ដោយសារតែវាមានទីតាំងដាច់ស្រយាល។
ឥឡូវនេះ Alcatraz គឺជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយនៅ San Francisco ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក បានប្រកាសថា ពន្ធនាគារនេះនឹងក្លាយជាកន្លែងសម្រាប់ដាក់ឧក្រិដ្ឋជនសាហាវៗ និងឃោរឃៅបំផុត នៅសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខនេះ។
មិនតែប៉ុណ្ណោះ លោក ត្រាំ បានបន្ថែមនៅក្នុងការប្រកាសរបស់ខ្លួនថា ៖”ខ្ញុំបានដឹកនាំ BOP រួមជាមួយនឹងនាយកដ្ឋានយុត្តិធម៌ FBI និងនាយកដ្ឋានសន្តិសុខមាតុភូមិ ឲ្យបើកគុក Alcatraz ឡើងវិញ ហើយពង្រីក និងជួសជុលកន្លែងនេះបន្ថែមទៀត”។
ជម្រាបជូនថា ដោយស្ថិតនៅចម្ងាយ ២គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃទីក្រុង San Francisco និងមានសមត្ថភាពផ្ទុកអ្នកទោសត្រឹមតែ ៣៣៦ នាក់ ពន្ធនាគារ Alcatraz ធ្លាប់ជាកន្លែងដាក់ឧក្រិដ្ឋជនល្បីៗឈ្មោះជាច្រើន រួមទាំងមេក្រុមម៉ាហ្វា Al Capone ផងដែរ៕

