លោក ត្រាំ ទំនងបន្តពន្យារពេលថ្ងៃបិទ TikTok បន្ថែមទៀត បើគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើង

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងបន្តពន្យារពេលថ្ងៃផុតកំណត់ថ្ងៃទី១៩ ខែមិថុនា សម្រាប់ក្រុមហ៊ុនមេ ByteDance ក្នុងការដកកម្មវិធីកម្សាន្តដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក TikTok ចេញពីទឹកដីសហរដ្ឋអាមេរិក ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយធ្វើឡើងនៅដល់ពេលកំណត់ទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយប្រាប់ទៅកាន់កម្មវិធី “Meet the Press with Kristen Welker” របស់ NBC News កាលពីពេលថ្មីពេលថ្មីៗនេះថា៖” ខ្ញុំចង់ណាស់។ ខ្ញុំចង់ឃើញកិច្ចព្រមព្រៀងនេះរួចរាល់”។ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា លោកមានអ្វីដែលមិនអាចបំភ្លេចបាន ចំពោះកម្មវិធី TikTok នេះ បន្ទាប់ពីវាបានជួយឲ្យលោកឈ្នះលើការបោះឆ្នោតប្រធានាធិបតីនៅក្នុងឆ្នាំ២០២៤។​

គួរឲ្យដឹងផងដែរថា លោក ត្រាំ ធ្លាប់ផ្តល់ការលើកលែងពីរដងរួចមកហើយ ពីការអនុវត្តការហាមឃាត់ដែលកំណត់ឡើងដោយសភា លើកម្មវិធី TikTok ដែលដំបូងនឹងត្រូវចូលជាធរមាន នៅក្នុងខែមករា។

កន្លងមកមានកិច្ចព្រមព្រៀងមួយចំនួនៗរួចមកហើយ ត្រូវបានធ្វើឡើង នៅក្នុងការងារដែលនឹងបង្វែរប្រតិបត្តិការ TikTok នៅក្នុងសហរដ្ឋអាមេរិក ទៅជាក្រុមហ៊ុនថ្មីមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយភាគច្រើនគ្រប់គ្រង និងដំណើរការដោយវិនិយោគិនអាមេរិក ប៉ុន្តែយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងទាំងនោះត្រូវបានផ្អាកវិញ បន្ទាប់ពីប្រទេសចិន បង្ហាញការមិនយល់ព្រម ក្រោយការប្រកាសរបស់ប្រធានាធិបតីលោក ត្រាំ អំពីការដាក់ពន្ធដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើទំនិញរបស់ចិន។

ជម្រាបជូនទៀតថា តាមច្បាប់អាមេរិកគឺតម្រូវឲ្យ TikTok បញ្ឈប់ប្រតិបត្តិការត្រឹមថ្ងៃទី១៩ ខែមករា ហើយកម្មវិធីនេះអាចដំណើរការទៅបានលុះត្រាតែក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance លក់កម្មវិធីនះឲ្យក្រុមហ៊ុនណាមួយរបស់អាមេរិក។ ប៉ុន្តែក្រោយមក លោក ត្រាំ ក៏បានសម្រេចពន្យារពេលការអនុវត្តច្បាប់នេះវិញរហូតដល់ដើមខែមេសា និងបន្ទាប់ទៀត បានពន្យារពេលដល់ថ្ងៃទី១៩ ខែមិថុនា៕