ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងបន្តពន្យារពេលថ្ងៃផុតកំណត់ថ្ងៃទី១៩ ខែមិថុនា សម្រាប់ក្រុមហ៊ុនមេ ByteDance ក្នុងការដកកម្មវិធីកម្សាន្តដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក TikTok ចេញពីទឹកដីសហរដ្ឋអាមេរិក ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយធ្វើឡើងនៅដល់ពេលកំណត់ទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បាននិយាយប្រាប់ទៅកាន់កម្មវិធី “Meet the Press with Kristen Welker” របស់ NBC News កាលពីពេលថ្មីពេលថ្មីៗនេះថា៖” ខ្ញុំចង់ណាស់។ ខ្ញុំចង់ឃើញកិច្ចព្រមព្រៀងនេះរួចរាល់”។ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា លោកមានអ្វីដែលមិនអាចបំភ្លេចបាន ចំពោះកម្មវិធី TikTok នេះ បន្ទាប់ពីវាបានជួយឲ្យលោកឈ្នះលើការបោះឆ្នោតប្រធានាធិបតីនៅក្នុងឆ្នាំ២០២៤។
គួរឲ្យដឹងផងដែរថា លោក ត្រាំ ធ្លាប់ផ្តល់ការលើកលែងពីរដងរួចមកហើយ ពីការអនុវត្តការហាមឃាត់ដែលកំណត់ឡើងដោយសភា លើកម្មវិធី TikTok ដែលដំបូងនឹងត្រូវចូលជាធរមាន នៅក្នុងខែមករា។
កន្លងមកមានកិច្ចព្រមព្រៀងមួយចំនួនៗរួចមកហើយ ត្រូវបានធ្វើឡើង នៅក្នុងការងារដែលនឹងបង្វែរប្រតិបត្តិការ TikTok នៅក្នុងសហរដ្ឋអាមេរិក ទៅជាក្រុមហ៊ុនថ្មីមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយភាគច្រើនគ្រប់គ្រង និងដំណើរការដោយវិនិយោគិនអាមេរិក ប៉ុន្តែយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងទាំងនោះត្រូវបានផ្អាកវិញ បន្ទាប់ពីប្រទេសចិន បង្ហាញការមិនយល់ព្រម ក្រោយការប្រកាសរបស់ប្រធានាធិបតីលោក ត្រាំ អំពីការដាក់ពន្ធដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើទំនិញរបស់ចិន។
ជម្រាបជូនទៀតថា តាមច្បាប់អាមេរិកគឺតម្រូវឲ្យ TikTok បញ្ឈប់ប្រតិបត្តិការត្រឹមថ្ងៃទី១៩ ខែមករា ហើយកម្មវិធីនេះអាចដំណើរការទៅបានលុះត្រាតែក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance លក់កម្មវិធីនះឲ្យក្រុមហ៊ុនណាមួយរបស់អាមេរិក។ ប៉ុន្តែក្រោយមក លោក ត្រាំ ក៏បានសម្រេចពន្យារពេលការអនុវត្តច្បាប់នេះវិញរហូតដល់ដើមខែមេសា និងបន្ទាប់ទៀត បានពន្យារពេលដល់ថ្ងៃទី១៩ ខែមិថុនា៕

