ចូលនិវត្តន៍ពី CEO ក្រុមហ៊ុន Berkshire តែបិតាវិនិយោគ Warren Buffett បន្តកាន់តំណែងធំមួយនេះ

អន្តរជាតិ

កាលពីពេលថ្មីៗនេះ បិតាវិនិយោគ Warren Buffett បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំងមែនទែន បន្ទាប់ពីបានប្រកាសយ៉ាងច្បាស់ថាលោកនឹងចុះចេញពីកៅអីនាយកប្រតិបត្តិរបស់ក្រុមហ៊ុនខ្នាតយក្ស Berkshire Hathaway នៅត្រឹមចុងឆ្នាំនេះហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែទោះជាយ៉ាងណា យោងតាមសារព័ត៌មាន CNBC បានបង្ហាញឲ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំចុងក្រោយនេះ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Berkshire Hathaway បានសម្រេចបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជ្រើសរើសអនុប្រធានក្រុមហ៊ុន លោក Greg Abel ឲ្យកាន់តំណែងជានាយកប្រតិបត្តិបន្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ ហើយទន្ទឹមនឹងនេះ លោក Warren Buffett នឹងនៅតែបន្តធ្វើជាប្រធានរបស់ក្រុមហ៊ុន Berkshire Hathaway ដដែល។

រំឭកផងដែរថា នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំកាលពីថ្ងៃទី៣ ខែឧសភា នៅទីក្រុង Omaha មហាសេដ្ឋី Warren Buffett ដែលកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway បានប្រកាសទៅកាន់ម្ចាស់ភាគហ៊ុនរាប់ម៉ឺននាក់ថា លោកនឹងលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ចាប់ពីចុងឆ្នាំ២០២៥ នេះ។ នៅ​ពេលប្រកាស​នោះ លោក​មិន​បាន​និយាយ​បន្ថែម​អំពី​លទ្ធភាព​បន្ត​កាន់​តំណែង​ជា​ប្រធាន ឬ​ក៏​អត់​នោះ​ទេ ដោយគ្រាន់តែចែករំលែកថាលោកនៅតែអាចបន្តគាំទ្រ Berkshire Hathaway ក្នុងករណីខ្លះ ប៉ុន្តែការសម្រេចចិត្តចុងក្រោយ គឺនឹងត្រូវធ្លាក់លើលោក Abel ទាំងស្រុង។

ជម្រាបជូនថា លោក​ Abel នឹងកាន់កាប់ Berkshire បន្ត បន្ទាប់ពីលោក Buffett បានគ្រប់គ្រងអស់រយ:ពេល ៦០ឆ្នាំកន្លងកមកនេះ ដោយបានកសាងវាពីក្រុមហ៊ុនវាយនភណ្ឌដែលបរាជ័យមួយ ទៅជាក្រុមហ៊ុនវិនិយោគ ដែលមានតម្លៃមូលធនទីផ្សារដល់ទៅជាង ១,១ទ្រីលានដុល្លារ ជាមួយនឹងការកាន់កាប់អាជីវកម្មជាច្រើន នៅទូទាំងសហរដ្ឋអាមេរិក៕