មន្ទីរបញ្ចកោណអាមេរិក បញ្ជាឲ្យមានការកាត់បន្ថយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ ២០%

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាឲ្យកាត់បន្ថយយ៉ាងហោចណាស់ ២០% នៃចំនួននាយឧត្តមសេនីយ៍ និងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ផ្កាយ៤ ដែលជា​ជំហាន​ថ្មីចុងក្រោយមួយ ក្នុងការរុះរើទ្រង់ទ្រាយធំនៃមន្ទីរបញ្ចកោណអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងអនុស្សរណ:មួយចុះថ្ងៃទី៥ ខែឧសភា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានស្នើឲ្យមន្ទីរបញ្ចកោណ កាត់បន្ថយយ៉ាងហោចណាស់ ២០% នៃចំនួននាយឧត្តមសេនីយ៍ជាន់ខ្ពស់ដែលកំពុងបំពេញមុខងាររបស់ខ្លួន។ លើសពីនេះ កងកម្លាំងសកម្ម និងឆ្មាំជាតិអាមេរិក ក៏ត្រូវបានបញ្ជាឲ្យកាត់បន្ថយមន្ត្រីទូទៅរបស់ខ្លួនចំនួន ២០% ផងដែរ។

យ៉ាងណាមិញ តាមរយ:អនុស្សរណៈនេះ លោក Pete Hegseth បាននិយាយថា ការកាត់បន្ថយនេះគឺមានគោលបំណង “បង្កើនប្រសិទ្ធភាព និងសម្រួលសមត្ថភាពបញ្ជាដោយកាត់បន្ថយតំណែងនាយឧត្តមសេនីយ៍ និងមេបញ្ជាការដែលលែងត្រូវការ។ លោក Hegseth បាននិយាយទៀតថា ការកាត់បន្ថយនឹងធ្វើឡើងជាពីរដំណាក់កាល ដោយដំណាក់កាលដំបូងធ្វើឡើងនៅក្នុងឆ្មាំជាតិ និងបន្ទាប់ទៀតនៅសាខាដែលនៅសល់របស់កងកម្លាំងយោធា។

ទន្ទឹមនឹងនេះ លោក Hegseth បានទទូចថាលោកត្រូវការ “ឧត្តមសេនីយ៍តិចជាងមុន និងទាហានច្រើនជាងមុន” ដោយចង្អុលបង្ហាញថា យោធាសហរដ្ឋអាមេរិក ក្នុងអំឡុងសង្គ្រាមលោកលើកទី២ មានទំហំធំជាងពេលសព្វថ្ងៃនេះ ប៉ុន្តែមានមន្ត្រីជាន់ខ្ពស់តិចជាង។

ជម្រាបជូនថា យោធាអាមេរិកបច្ចុប្បន្ន មាននាយទាហានសរុបចំនួន ៨១៧ នាក់ ដែលបំពេញកាតព្វកិច្ចសកម្ម ក្នុងនោះមាននាយឧត្តមសេនីយ និងនាយឧត្តមសេនីយផ្តាយបួន ចំនួន ៣៨ នាក់ ដែលជាមន្ត្រីដែលមានឋានៈខ្ពស់បំផុត អាចសម្រេចកិច្ចការងារទូទៅបាន នៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស៕