ក្រុមហ៊ុនមួយរបស់ឥណ្ឌូនេស៊ី Mayapada Group បានស្វែងរកផ្លូវ និងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ខណៈប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តក្រុមហ៊ុនឱ្យចាប់អារម្មណ៍ទៅលើការវិនិយោគការកែច្នៃផលិតផលស្វាយចន្ទី ឬការបង្កើតនូវរោងចក្រ កសិ-ឧស្សាហកម្ម។

នេះបើតាមរយៈជំនួបសម្តែងការគួរសមរវាងសម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោកសាស្ត្រាចារ្យបណ្ឌិត Dato’ Sri Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ ប្រធានាធិបតីឥណ្ឌូណេស៊ី និងស្ថាបនិកក្រុមហ៊ុន Mayapada Group កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបនោះលោកសាស្ត្រាចារ្យ Dato’ Sri Tahir បានបង្ហាញពីការចាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ដោយលោកបានគោរពស្នើសុំសម្ដេចតេជោ បង្ហាញផ្លូវក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា កំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ ក៏ដូចជា បង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគបរទេសមកវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែម ហើយទន្ទឹមនេះ កម្ពុជា ក៏កំពុងតែខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ ក៏ដូចជា ការកាត់បន្ថយនៃភាពក្រីក្រ របស់ខ្លួន ដែលនៅមុនកូវីដ១៩ ប្រទេសកម្ពុជា មានអត្រាភាពក្រីក្រខ្ទង់ ១០% ប៉ុន្តែដោយសារកូវីដ អត្រានៃភាពក្រីក្របានកើនឡើងវិញ តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយភាពក្រីក្រនេះ ដូច្នេះ ការទាក់ទាញអ្នកវិនិយោគ គឺជាគោលការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ហើយសម្ដេចតេជោ បានរំលេចថា កម្ពុជា បន្តរក្សា និងប្រែក្លាយសន្តិភាព ទៅជាការអភិវឌ្ឍ ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ ។

សម្តេចតេជោបន្តថា សម្រាប់ក្នុងបរិបត្តិប្រទេសកម្ពុជា ការវិនិយោគទៅលើវិស័យកសិកម្ម គឺជារឿងចាំបាច់ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវការ ក្នុងនោះ សម្ដេច បានរំលេចអំពីការវិនិយោគទៅលើប្រព័ន្ធស្រោចស្រព ដែលជាគោលនយោបាយអាទិភាព និងរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ ។ សម្ដេចបន្តទៀតថា បញ្ហាកសិកម្ម នៅក្នុងនោះ ប្រទេសកម្ពុជា ក៏កំពុងតែជំរុញឲ្យមានការវិនិយោគទៅលើវិស័យកសិ-ឧស្សាហកម្ម មានន័យថា ការកែច្នៃនូវផលិតផលរបស់កម្ពុជា។ សម្ដេចបានលើកជាឧទាហរណ៍ថា ប្រទេសកម្ពុជា មានការផលិតស្វាយចន្ទីឈរលំដាប់ទី១ នៅក្នុងពិភពលោក នាពេលបច្ចុប្បន្ន។ ប៉ុន្តែការកែច្នៃយកទៅលក់នៅលើទីផ្សារបរទេសមានចំនួនតិច ។ ក្រៅពីនោះ កម្ពុជា នាំចេញទៅលក់នូវស្វាយចន្ទី ជាវត្ថុធាតុដើមទៅកាន់ប្រទេសវៀតណាម ។ ដូច្នេះប្រសិនបើ ក្រុមហ៊ុនវិនិយោគឥណ្ឌូនេស៊ី ចាប់អារម្មណ៍ទៅលើការវិនិយោគការកែច្នៃផលិតផលស្វាយចន្ទី ឬការបង្កើតនូវរោងចក្រ កសិ-ឧស្សាហកម្ម ដើម្បីកែច្នៃ គឺជារឿងដែលមានសារៈសំខាន់ សម្រាប់ការចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា ។
ជាការឆ្លើយតបនឹងការបង្ហាញផ្លូវរបស់សម្តេច លោកសាស្ត្រាចារ្យ បានសម្ដែងការពេញចិត្ត និងបានចាប់អារម្មណ៍ទៅលើការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម របស់កម្ពុជា ហើយលោកក៏បានជម្រាបសម្ដេចតេជោថា លោកនឹងទៅបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ដើម្បីសិក្សា និងស្វែងយល់អំពីឱកាសវិនិយោគបន្ថែមទៀត ។
ទល់មុខសម្តេចតេជោ លោកបានគូសបញ្ជាក់ថា សម្រាប់លោកផ្ទាល់ ក៏ដូចជាអ្នកវិនិយោគឥណ្ឌូនេស៊ី មានការទុកចិត្តទៅលើស្ថានភាព ក៏ដូចជាការវិវត្តនៃសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេស ក្រោមការដឹកនាំរបស់សម្ដេចតេជោ កាលពីសម្ដេចនៅជាអតីតនាយករដ្ឋមន្ត្រី និងបន្តដោយ សម្ដេចធិបតី ដោយលោកសាស្ត្រាចារ្យ បានតាមដានជានិច្ច អំពីស្ថានការណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕


