មន្ត្រីកំពូលចិន និងអាមេរិក ត្រៀមជួបមុខចរចាគ្នាលើកដំបូងនៅស្វីស ជុំវិញពន្ធគយ

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និងតំណាងពាណិជ្ជកម្មអាមេរិក Jamieson Greer នឹងជួបជាមួយមន្ត្រីកំពូលរបស់ចិន នៅប្រទេសស្វីស ក្នុងអំឡុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី៦ ខែឧសភា ក្រសួងរតនាគារសហរដ្ឋអាមេរិក និងការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បាននិយាយថា ថ្នាក់ដឹកនាំរបស់ពួកគេនឹងមានការជួបពិភាក្សាគ្នាជាមួយមន្ត្រីចិន នៅក្នុងប្រទេសស្វីស ប៉ុន្តែបើតាមសេចក្តី​ថ្លែងការណ៍​របស់​អាមេរិក ​មិន​បាន​បញ្ជាក់​ថា​មន្ត្រី​ចិន​ណា​ខ្លះ​នឹង​ចូល​រួម​កិច្ច​ប្រជុំ​នេះនៅឡើយទេ។ បច្ចុប្បន្ន ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ត្រូវបានចាត់ទុកថា នឹងបង្ហាញវត្តមានក្នុងកិច្ចប្រជុំនេះ ក្នុងនាមជាមន្ត្រីកំពូលទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេស។

ទន្ទឹមនឹងនេះ ខាងក្រសួងពាណិជ្ជកម្មចិន ក៏បាននិយាយផងដែរថា៖ “ដោយផ្អែកលើការរំពឹងទុកជាអន្តរជាតិ ផលប្រយោជន៍របស់ប្រទេសចិន ក៏ដូចជាការផ្តល់យោបល់ពីឧស្សាហកម្ម និងអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក ប្រទេសចិនបានសម្រេចចិត្តបន្តការផ្លាស់ប្តូរ ជាមួយសហរដ្ឋអាមេរិក” ។

ជម្រាបជូនផងដែរថា កិច្ចប្រជុំនេះត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ក្នុងគោលបំណងស្វែងរកដំណោះស្រាយចំពោះសង្គ្រាមពាណិជ្ជកម្ម បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដំឡើងពន្ធនាំចូលលើទំនិញចិនដល់ ១៤៥%៕