ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ កាលពីល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញទទួលបដិសណ្ឋារកិច្ច និងបើករថយន្តជូនដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចេញពីអាកាសយានដ្ឋានអន្តរជាតិនីកូឡៅលូបាតូ ឆ្ពោះទៅកាន់សណ្ឋាគារដែលសម្ដេចតេជោស្នាក់នៅ នាទីក្រុងឌីលី។

ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ នៅប្រទេសទីម័រឡេស្តេ ទទួលការស្វាគមន៍យ៉ាងសម្បើម ដោយ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ចេញមកទទួលដោយផ្ទាល់នៅព្រលានយន្តហោះ និងបើកឡានជូន ដោយកិត្តិយសខ្ពង់ខ្ពស់និងស្និទ្ធស្នាល។ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា បានបង្ហាញសារលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែឧសភានេះ ដូច្នេះថា៖ “ហ៊ុន សែន! មិត្តល្អ មិត្តល្អបំផុត មកលេងយើង។ លោក ហ៊ុន សែន ដែលជាអ្នករំដោះ និងជាស្ថាបនិកនៃប្រទេសកម្ពុជាសម័យទំនើប។ លោក ហ៊ុន សែន បានដឹកនាំប្រជាជនរបស់លោក ពីរបបប្រល័យពូជសាសន៍ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព។ ខ្ញុំជាអ្នកបើកបរកាលពីម្សិលមិញ”។
ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី ទីម័រឡេស្តេ, ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ, និងលោកជំទាវ ម៉ារៀ ហ្វើណាន់ដាឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ។ ក្នុងឱកាសទស្សនកិច្ចនេះដែរ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេស នៅរដ្ឋសភាទីម័រឡេស្តេ និងផ្តល់បាឋកថាលើប្រធានបទស្តីពី -មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព-នៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីសមាជិកសភា មន្ត្រីរដ្ឋាភិបាល អង្គទូត និស្សិត និងសង្គមស៊ីវិលទីម័រឡេស្តេ។
សូមជម្រាបថា ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏សំខាន់របស់ សម្តេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេ ជាង ២ទសវត្សរ៍កន្លងមក ជាពិសេសចំពោះការជម្រុញទីម័រឡេស្ដេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ឯកឧត្តម ប្រធានាធិបតីទីម័រឡេស្តេ នឹងបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងបំផុតពីភាគីទីម័រឡេស្តេជូន សម្តេចតេជោ ប្រធានព្រឹទ្ធសភា៕














