លោក ត្រាំ ថាមានតែមនុស្សល្ងង់ប៉ុណ្ណោះ បើមិនព្រមយកយន្តហោះប្រណីតតម្លៃ ៤០០លានដុល្លារពីកាតា

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅពេលថ្មីៗនេះ បានចេញមុខឆ្លើយតបជុំវិញការរិះគន់ជាច្រើន អំពីផែនការទទួលយកអំណោយយន្តហោះប្រណីត Boeing 747-8 ពីប្រទេសកាតា ដើម្បីបម្រើជា Air Force One ដោយនិយាយចំៗថា មានតែមនុស្សល្ងង់ប៉ុណ្ណោះ ដែលបដិសេធមិនទទួលយកអំណោយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន កាលពីថ្ងៃទី១២​ ខែឧសភា លោក ត្រាំ លើកឡើងថា៖” ខ្ញុំគិតថាមានតែមនុស្សល្ងង់ប៉ុណ្ណោះដែលនឹងបដិសេធទទួលយកអំណោយដ៏មានតម្លៃបែបនេះ។ វាជាការវិការនៃសុច្ឆន្ទ: ខ្ញុំនឹងមិនបដិសេធចំពោះការផ្តល់ជូនបែបនេះទេ”។

ជុំវិញការលើកឡើងរបស់លោក​ ត្រាំ បែបនេះ ត្រូវបានកើតឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថាគ្រួសារខ្សែរាជវង្សកាតា គ្រោងនឹងផ្តល់ឲ្យរដ្ឋបាលរបស់លោក ត្រាំ នូវយន្តហោះ Boeing 747-8 ដ៏ប្រណីតមួយ ដែលត្រូវបានគេដាក់ឈ្មោះថា “វិមានលើអាកាស” ហើយថែមទាំងបានសង្កត់ធ្ងន់ទៀតថា នេះអាចជាអំណោយដ៏ថ្លៃបំផុតដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក មិនធ្លាប់ទទួលបានពីមុនមក។ យន្តហោះ Boeing 747-8 បច្ចុប្បន្នមានតម្លៃប្រហែល ៤០០លានដុល្លារ។

ប្រភពដែលដឹងអំពីបញ្ហានេះ បាននិយាយទៀតថា យន្តហោះ Boeing 747-8 នេះ នឹងត្រូវបានកែលម្អ និងបំពាក់ជាមួយនឹងឧបករណ៍ពិសេសៗ ក្នុងគោលបំណងយកទៅបម្រើការបណ្តោះអាសន្នជាយន្តហោះដឹកប្រធានាធិបតី Air Force One ហើយផែនការសម្រាប់ការបរិច្ចាគ អាចនឹងត្រូវប្រកាសនៅអំឡុងសប្តាហ៍នេះ ពោលគឺនៅពេលដែលលោក ត្រាំ នឹងត្រូវធ្វើទស្សនកិច្ចទៅកាន់ប្រទេសមជ្ឈិមបូព៌ាចំនួនបី រួមទាំងប្រទេសកាតា ផងដែរ។

យ៉ាងណាមិញ ជុំវិញការផ្តល់អំណោយនេះ ហាក់បានធ្វើឲ្យ​មាន​​ការរិះគន់​ជាច្រើន ជាពិសេសពីសំណាក់សមាជិកសភាគណបក្ស​ប្រជាធិបតេយ្យ ដែលអំពាវនាវ​ឲ្យ​មានការស៊ើបអង្កេតលើការបំពានដែលអាចកើតមាន​ចំពោះ​រដ្ឋធម្មនុញ្ញ​ ដែលហាមឃាត់​​មន្ត្រីរដ្ឋាភិបាល ​ពីការ​ទទួលយក​អំណោយ​ពី​ស្តេច ព្រះអង្គម្ចាស់ ឬរដ្ឋាភិបាលបរទេស ដោយគ្មានការយល់ព្រមពីសភា។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ករណីនេះអាចនឹងត្រូវបានលើកលែង ដោយយោងតាមលោក ត្រាំ យន្តហោះនេះ ត្រូវបានគេរំពឹងថានឹងត្រូវបានបរិច្ចាគទៅបណ្ណាល័យប្រធានាធិបតីនាពេលអនាគត សម្រាប់ដាក់តាំងបង្ហាញ បន្ទាប់ពីរូបលោកចាកចេញពីសេតវិមាន ពោលគឺស្រដៀងទៅនឹងរបៀបដែលបណ្ណាល័យរបស់អតីតប្រធានាធិបតី លោក Ronald Reagan ធ្លាប់បានរក្សាទុកយន្តហោះ Air Force One ជំនាន់របស់ខ្លួនដែរ៕