នៅឆ្នាំម្សាញ់នេះ ស្រូវ ពោត និងសណ្តែក រំពឹងថានឹងទទួលបានផលល្អប្រសើរ។ នេះយោងតាមការផ្សងដោយផ្អែកលើការបរិភោគរបស់គោឧសភរាជ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែឧសភានេះ។

តាមព្រះរាជបវេណីរបស់ខ្មែរ ព្រាហ្មណ៍ព្រះរាជគ្រូ បានសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យបរិភោគអាហារ ៧យ៉ាង ដែលភ្នាក់ងាររៀបដាក់តុ ប្រាក់ធំៗតាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែត១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ។ កាលព្រះគោ បរិភោគអ្វីមួយយ៉ាង ឬពីរយ៉ាង ព្រាហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះដែរ។ ជាលទ្ធផល ក្នុងព្រះរាជពិធីនាព្រឹកនេះ គោឧសភរាជបរិភោគ ស្រូវ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្តែក ៨០ភាគរយ ហើយតាមការបរិភោគនេះ បង្ហាញថា ឆ្នាំម្សាញ់នេះ ស្រូវ ពោត និងសណ្តែក នឹងទទួលបានផលល្អប្រសើរ។
សូមជម្រាបជូនថា ការផ្សងខាងលើនេះ ធ្វើឡើងក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែឧសភានេះ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាមហោឡារិក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕





