កម្ពុជា-សហរដ្ឋអាម៉េរិក រួមគ្នាជំរុញបង្កើនការវិនិយោគពីអាម៉េរិកមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា និងសហរដ្ឋអាម៉េរិក បានរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅជំរុញបង្កើនការវិនិយោគពីអាម៉េរិកមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ ក្នុងឱកាសបំពេញបេសកកម្ម ការងារចរចាលើកិច្ចព្រមព្រៀងបដិការ នៅសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៣ដល់១៥ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំទទួលជួបពិភាក្សាការងារជាមួយលោក Ted Osius ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) , ទទួលជួបលោកស្រី Carol Miller សមាជិកសភាសហរដ្ឋអាម៉េរិក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំរវាងភាគគីប្រទេសទាំងពីររៀបចំឡើង ដើម្បីពិភាក្សាពិនិត្យលទ្ធភាពរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅជំរុញបង្កើនការវិនិយោគពីអាម៉េរិកមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រៅពីជំនួបខាងលើ ភាគីកម្ពុជាក៏បានជួបជាមួយភាគីអាម៉េរិកជាច្រើនផ្សេងទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។

សូមជម្រាបជូនថា កាលពី​ឆ្នាំ ២០២៤ កន្លងទៅ ការធ្វើ​ពាណិជ្ជកម្ម​​ទ្វេភាគី​កម្ពុជាជាមួយសហអាម៉េរិក មាន​ទឹក​ប្រាក់​ ១០,១៨ពាន់លាន​ដុល្លារ កើន​ឡើង ១១,២ភាគ​រយ ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣​។ ក្នុង​នោះ កម្ពុជា​​នាំ​ទៅ​អាមេរិក ៩,៩២ពាន់​លាន​ដុល្លារ កើនឡើង ១១,៤ភាគរយ ចំណែកទំនិញ​អាម៉េរិកនាំចូល​វិញ មាន​ចំនួន ២៦៤,១៥ លាន​ដុល្លារ កើនឡើង ២,៧ ភាគរយ។ នេះបើតាមទិន្នន័យ​របស់អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា(GDCE)។

បើយោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចាប់​ពី​ឆ្នាំ ១៩៩៤ ដល់​ខែ​មករា ឆ្នាំ ២០២៤ ទុន​វិនិយោគ​របស់​អាម៉េរិក​នៅ​កម្ពុជា មាន​ទឹក​ប្រាក់​សរុប​ជាង ១ ០៧៧ លានដុល្លារ​។  ដោយឡែកសម្រាប់ ៤ខែ ដើមឆ្នាំ ២០២៥នេះ សហរដ្ឋអាមេរិក បានបោះទុនវិនិយោគប្រមាណជាង ៦លានដុល្លារអាម៉េរិក នៅក្នុងប្រទេសកម្ពុជា៕